ខេត្តបន្ទាយមានជ័យ៖ កម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យសហការជាមួយកម្លាំងអាជ្ញាធរក្នុងមូលដ្ឋានបានចុះរាវរកសពយុវជនម្នាក់ដែលលង់ទឹកស្លាប់នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ។ មន្ត្រីយោធាប្រាប់ថា ដោយទទួលបានបញ្ញាពីលោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានចាត់តាំងលោក វរសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង ដឹកនាំកម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះនិងកម្លាំងអាជ្ញាធរមូលដ្ឋានចុះរាវរកសពយុវជនម្នាក់ ឈ្មោះ សំ លីហួរ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មូលហេតុ នាំគ្នាជិះទូកលេង ពេលដល់កណ្ដាលស្រាប់តែទូកលិច ហើយក៏បាននាំគ្នាហែលទឹកមកច្រាំងវិញបានតែ ២នាក់ ចំណែកជនរងគ្រោះឈ្មោះ សំ លីហួរ បានលង់ទឹកតែម្ដង។
មន្ត្រីយោធាបន្តថា សាកសពបានរកឃើញនៅវេលារសៀលម៉ោង ១៦និង៥០នាទី ត្រង់ចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយរកឃើញហើយ ក៏បានប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ វណ្ណា