ព័ត៌មានទាន់ហេតុការណ៍៖

ការពង្រឹងការផ្ដល់សេវាសុខាភិបាល និងត្រៀមក្នុងករណីបន្ទាន់ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណី​ជាតិ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត

កម្មវត្ថុ:  ការពង្រឹងការផ្ដល់សេវាសុខាភិបាល និងការអប់រំសុខភាព អនាម័យ ការប្រុងប្រយ័ត្នគ្រោះ ថ្នាក់ចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។

ន័យដូចមានចែងក្នុងកម្មវត្ថុខាងលើ ក្រសួងសុខាភិបាលសូមជម្រាបជូន លោក លោកស្រី អភិបាល នៃគណៈអភិបាល់រាជធានី-ខេត្ត ជ្រាបថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិយើងនា ពេលខាងមុខនេះ បងប្អូនប្រជាពលរដ្ឋមួយចំនួននឹងធ្វើដំណើរទៅស្រុកកំណើត និងដើរកម្សាន្តនៅតាម រមណីយដ្ឋាននានា ដូច្នេះ ដើម្បីបង្កលក្ខណៈ និងត្រៀមទុកជាមុន សូមឯកឧត្តម លោកជំទាវ ធ្វើការ ណែនាំដល់មន្ទីរសុខាភិបាលឲ្យចុះធ្វើការណែនាំដល់មូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនទាំងអស់ ជាពិសេសមន្ទីរពេទ្យ ឲ្យយកចិត្តទុកដាក់ត្រៀមលក្ខណៈជាប់ជាប្រចាំក្នុងការថែទាំ ព្យាបាលជំងឺ ការជួយ សង្គ្រោះបន្ទាន់ និងធ្វើការអប់រំដល់បងប្អូនប្រជាពលរដ្ឋឲ្យរក្សាអនាម័យ លាងសំអាតដៃឱ្យបានសមស្រប មុន និងក្រោយការបរិភោគចំណីអាហារ ព្រមទាំងត្រូវគ្រប់គ្រងការលក់អាហារ និងភេសជ្ជៈប្រកបដោយ អនាម័យ ចៀសវាងការពុលចំណ៏អាហារ ជាពិសេសការពុលស្រា។ ជាមួយគ្នានេះ សូមធ្វើការណែនាំដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យគោរពច្បាប់ចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្ននៅក្នុងការធ្វើដំណើរនៅ តាមដងផ្លូវ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។ បន្ថែមលើនេះទៀត ដោយសារ អាកាសធាតុខែចេត្រក្ដៅខ្លាំង សូមយកចិត្តទុកដាក់ក្នុងការថែទាំកុមារនិងមនុស្សចាស់ ដើម្បីចៀសវាងនូវ ជំងឺតម្កាត់ផ្សេងៗ។

អាស្រ័យហេតុនេះ សូម លោក លោកស្រី រៀបចំចាត់ចែងធ្វើការណែនាំដល់មន្ទីរសុខាភិបាល ឲ្យត្រួតពិនិត្យ និងណែនាំបន្តដល់មូលដ្ឋានសុខាភិបាលសាធារណៈនិងឯកជន ឱ្យអនុវត្តការណែនាំខាង លើប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កបរិយាកាសសប្បាយរីករាយទាំងអស់គ្នាក្នុងឱកាសបុណ្យចូល ឆ្នាំខ្មែរប្រពៃណីជាតិ។

ឆ្លៀតក្នុងឱកាស ឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ និង បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសិរីសួស្ដី ជ័យមង្គល វិបុលសុខ នឹងជួបប្រទះនូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ទទួលនូវការរាប់អានដ៏ ជ្រាលជ្រៅពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖