ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នាបណ្តាលឱ្យរថយន្តមួយគ្រឿងដាច់កង់ធ្លាក់ចូលក្នុងទឹកប្រឡាយនិងនារីម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនមិនប្រយ័ត្នរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតចំពីមុខចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឱ្យរងការខូចខាត ចំណែករថយន្តបង្កដាច់កង់ដាំក្បាលធ្លាក់ចូលក្នុងទឹកប្រឡាយ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង ១១និង ៤០នាទីយប់ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវ ៣០ម៉ែត្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីបុរសម្នាក់ដែលត្រូវជាបងជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុប្អូនស្រីរបស់គាត់បានបើរថយន្តម៉ាកកាមរីឆ្លាមពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2X-5634 រួមដំណើរជាមួយមិត្តភក្កិបួនទៅប្រាំនាក់ទៀតចេញពីកម្មវិធីបំណងបើកត្រឡប់ទៅផ្ទះវិញដោយ ធ្វើដំណើរតាមផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីលិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុស្រាបតែមានបុរសម្នាក់បានបើករថយន្តម៉ាកFord Ranger ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AG-4877 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពីកើតមកលិចក្នុងល្បឿនលឿន មិនដឹងថាអ្នកបើករថយន្តនោះមានបញ្ហាអ្វីនោះទេ ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តរបស់ប្អូនស្រីគាត់ផ្នែកខាងមុខជំហៀងខាងឆ្វេង និងបានផ្ទុះពោងសុវត្ថិភាពរួមទាំងមាននារីម្នាក់ដែលជាអ្នករួមដំណើររងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែករថយន្តម៉ាក Ford  Ranger វិញក៏បានដាច់កង់ខាងមុខចំហៀងខាងឆ្វេងដាំក្បាលរថយន្តចូលប្រឡាយទឹកនៅចិញ្ចើមផ្លូវ ។

    បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យក៏បានចុះមកដល់ទីតាំងកើតហេតុ និងបានវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ ៖ ជ្រោយពេជ្រ


ចែករំលែក៖