ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប៉ាឡេស្ទីននៅទីក្រុងឡុងដ៍ ធ្វើបាតុកម្មតវ៉ាជុំវិញការវាយប្រហាររបស់អុីស្រាអែល

ចែករំលែក៖

អ្នកគាំទ្រប៉ាឡេស្ទីននៅក្នុងប្រទេសអង់គ្លេសបានធ្វើបាតុកម្មតវ៉ាជាបន្ទាន់នៅខាងក្រៅស្ថានទូតអុីស្រាអែលក្នុងរដ្ឋធានីឡុងដ៍ ប្រទេសអង់គ្លេសកាលពីថ្ងៃសៅរ៍ ដោយអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងអុីស្រាអែលចំពោះអំពើហិង្សានាពេលថ្មីៗនេះប្រឆាំងនឹងប៉ាឡេស្ទីននៅឯវិហារអ៊ិស្លាម Al-Aqsa ។
ប៉ូលិសអុីស្រាអែលបានប៉ះទង្គិចគ្នាជាមួយជនជាតិប៉ាឡេស្ទីននៅខាងក្នុងវិហារ Al-Aqsa នៃទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃពុធ ខណៈដែលអុីស្រាអែលបានទម្លាក់គ្រាប់បែកទាំងតំបន់ហ្គាហ្សា និងលីបង់ ក្នុងការឆ្លើយតបទៅនឹងការបាញ់រ៉ុក្កែតពីសំណាក់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន។
អង្គការ Friends of Al-Aqsa ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា «កាលពីយប់មិញ អុីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបំផ្លាញមន្ទីរពេទ្យកុមារ Al-Durra និងធ្វើឱ្យកុមារអាយុ១២ឆ្នាំរងរបួស»។
អង្គការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការវាយប្រហាររបស់អុីស្រាអែលទៅលើអ្នកថ្វាយបង្គំជនជាតិប៉ាឡេស្ទីននៅវិហារ Al-Aqsa កំពុងតែកើនឡើង ជាពិសេសក្នុងអំឡុងខែរ៉ាម៉ាឌន»។
លោកវេជ្ជបណ្ឌិត Ismail Patel ដែលជាប្រធាននិងជាស្ថាបនិកនៃសមាគមសេរីភាពសារព័ត៌មាន បាននិយាយថា «គ្រប់គ្រាន់គឺគ្រប់គ្រាន់ហើយ។ យើងមិនត្រូវការសេចក្តីថ្លែងការណ៍ឬពាក្យថ្កោលទោសពីសមាជិកសភា និងមេដឹកនាំរបស់យើងទេ យើងត្រូវការការដាក់ទណ្ឌកម្មលើអុីស្រាអែលឥឡូវនេះ»។
លោក Patel បានបន្តទៀតថា «វាដល់ពេលហើយដើម្បីឱ្យអុីស្រាអែលទទួលខុសត្រូវចំពោះការវាយដំយ៉ាងឃោរឃៅម្តងហើយម្តងទៀតលើអ្នកថ្វាយបង្គំជនជាតិប៉ាឡេស្ទីន…ប្រសិនបើការវាយប្រហារទាំងនេះត្រូវបានធ្វើឡើងដោយប្រទេសណាមួយ ថ្ងៃនេះរដ្ឋាភិបាលអង់គ្លេសនឹងមិនស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មទេ»៕

ដោយ៖ ធីរីណា(រូបថត៖ TTXVN )


ចែករំលែក៖