ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹង រួចបេីករថយន្តម៉ាក TOYOTA HILUX រេចង្កូតទៅបុកបង្គោលប៉ាណូដ៏ធំមួយដេីមបណ្ដាលឱ្យរងការខូចខាត រួចហើយព្យាយាមបេីករត់បានប្រមាណ៣០០ម៉ែត្រក៏ត្រូវសមត្ថកិច្ចឃាត់ជាប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅពេលកេីតហេតុគេឃេីញរថយន្តម៉ាក TOYOTA HILUX ពាក់ផ្លាកលេខ ភ្នំពេញ 2BN-0772 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្សក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនល្មម ហើយ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកស្ដាំដៃបុកបង្គោលស្លាកប៉ាណូដ៏ធំមួយដេីមរងការខូចខាត។ ភ្លាមៗនោះរថយន្តបង្កមិនឈប់នៅកន្លែងកន្លែងកេីតហេតុទេ គឺព្យាយាមបេីករត់ទាំងរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំរហូតដល់មុខវិទ្យាល័យ ព្រះយុគន្ធរ ក៏ត្រូវសមត្ថកិច្ចដែលប្រចាំការនៅភ្លើងស្តុបពេទ្យចិនឃាត់ជាប់ទាំងតៃកុងនិងរថយន្តបង្ក ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គេសង្កេតឃេីញអ្នកបេីកបររថយន្តបង្កមានសភាពស្រវឹងស្រាជាខ្លាំងដោយចុះពីលេីរថយន្តទប់ខ្លួនមិនចង់នឹង ។ ប៉ុន្តែក្នុងករណីនេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌ៧មករា បានចុះមកធ្វេីការវាស់វែងយករថយន្តបង្កនិងនាំខ្លួនបុរសជាតៃកុង ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ