ខេត្តបន្ទាយមានជ័យ៖ ចោ១ក្រុមមានគ្នា២នាក់បានធ្វើសកម្មភាពចូលលួចយកទ្រព្យសម្បត្តិនាយិកាសាលាបឋមសិក្សានិងធ្វើម្ហូបការត្រូវកម្លាំងនគរបាលឃាត់ខ្លួនបានម្នាក់រួមទាំងវត្ថុតាងកាំភ្លើងខ្លី១ដើមបាញ់តដៃនៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ស្ថិតក្នុងភូមិអូរជួប ឃុំរហាត់ទឹក ស្រុកមង្គលបុរី ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបុរីបានប្រាប់ថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ អឹម គីមវាសនា ភេទស្រី អាយុ៥០ឆ្នាំ(នាយិកាសាលាបឋមសិក្សាចំការចេកនិងធ្វើម្ហូបការ រស់នៅភូមិខាងលើត្រូវបានជនសង្ស័យ១ក្រុមមានគ្នា២នាក់ជិះម៉ូតូ១គ្រឿងមកធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះនៅពេលម្ចាស់ផ្ទះនៅម្នាក់ឯងដេកលង់លក់ហើយកូនចៅចេញធ្វើម្ហូបការអស់ តែភ្លាមៗនោះម្ចាស់ផ្ទះងើបទាន់ស្រែកអោយអ្នកជិតខាងជួយធ្វើឱ្យពួកចោរត់ចែកជើងគ្នា ដោយម្នាក់ជិះម៉ូតូគេចខ្លួន និងម្នាក់ទៀតរត់គេចត្រូវបានប្រជាការពារភូមិដេញតាមត្រូវចោរបាញ់តដៃ១គ្រាប់។ បន្ទាប់មកចាប់បានម្នាក់ហើយម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ទៅ។
លោកបានបញ្ជាក់ថា៖ នៅពេលដែលប្រជាពលរដ្ឋនិងប្រជាការពារភូមិសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំរហាត់ទឹកចាប់បានជនសង្ស័យម្នាក់និងអាវុធខ្លី១ដើមម៉ាក់រូឡូដែលមានចំនួន៥គ្រាប់បាញ់អស់១គ្រាប់គំរាមសមត្តកិច្ចនៅពេលដែលសមត្ថកិច្ចធ្វើសកម្មភាពដេញចាប់នោះ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលជិះម៉ូតូគេចខ្លួននោះបានយកទៅជាមួយខ្លួននូវកាបូប១មានទូរស័ព្ទ១គ្រឿង ប្រាក់៨.០០០បាត ប្រាក់រៀល២ម៉ឺនរៀល ក្រវិលមាស១គូ ខ្សែកមាសបន្តោងគជ់់១ខ្សែ និងប្រាក់ដុល្លារ៦០០ដុល្លារ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់និងអាវុធខ្លី១ដើមមាន៥គ្រាប់មកត្រូវបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ហើយជនសង្ស័យបានសារភាពថា ពួកគេមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿងនិងមានអាវុធខ្លី១ដើមបានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិជនរងគ្រោះពិតប្រាកដមែន។ពួកគេរស់នៅស្រុកម៉ាឡៃហើយអាវុធខ្លីទិញពីប្រទេសថៃទុកសម្រាប់ធ្វើសកម្មភាពលួចតាមជាយដែន។
ក្រោយពីសាកសួរសព្វគ្រប់ហើយ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនបន្ត៕
ដោយ ៖ វណ្ណា