ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ​ បន្តចុះរៀបចំសណ្តាប់ធ្នាប់ ការឈប់ចតរថយន្ត អាជីវករលក់ដូរនៅមុខផ្សារលើ ចំណតរថយន្តក្រុង,តាក់ស៊ីបេនមហោស្រពចាស់ នៅតាមដងផ្លូវក្នុងក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានចុះរៀបចំសណ្តាប់ធ្នាប់ ការឈប់ចតរថយន្ត អាជីវករលក់ដូរនៅមុខផ្សារលើ ចំណតរថយន្តក្រុងរថយន្តតាក់ស៊ីបេនមហោស្រពចាស់ និងល្បាតចល័តនៅតាមដងផ្លូវក្នុងក្រុងព្រះសីហនុ។ 

សូមជម្រាបជូនថា​ លោកវរសេនីយ៍ឯក គីម​ សុង​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ កាលពីថ្ងៃទី​០៩​ ខែមេសា​ម្សិលមិញនេះ​ បានដឹកនាំកម្លាំង​ សហការជាមួយកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់​ និងកម្លាំងមន្ទីរសាធារណការខេត្ត បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវគ្រប់ប្រភេទ​ ជាពិសេសអ្នកដែលប្រកបរបររត់តាក់ស៊ី​ និងក្រុមហ៊ុនរថយន្តដឹកអ្នកដំណេីរ ត្រូវមានការប្រុងប្រយ័ត្ន​ គោរពច្បាប់ចរាចរណ៍ផ្លូវគោក​ បេីកបរប្រកបដោយសុវត្ថិភាព​ នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ នាពេលខាងមុខនេះ​ នៅបេនឡានមហោស្រពចាស់​ ស្ថិតក្នុង​ភូមិ២​ សង្កាត់​លេខ​២​ ក្រុង-ខេត្តព្រះសីហនុ។ 

ជាមួយគ្នានោះ​ មន្រ្តីជំនាញ​ បានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ខិតប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក​ សៀវភៅកំណត់ល្បឿន​ និងបានណែនាំទៅដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវទាំងអស់​ សូមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ 

បន្ថែមពីនេះ​ កម្លាំងអន្តរាគមន៍ពិសេស ចេញល្បាតចល័ត ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅក្រុងព្រះសីហនុ​ មិនតែប៉ុណ្ណោះ​កម្លាំងអធិការដ្ឋាននគរបាលតាមបណ្ដាស្រុក-ក្រុង​ ក្នុងមូលដ្ឋាន​ខេត្ត​​ ក៏បានចុះការពារសណ្តាប់ធ្នាប់សាធារណៈក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី​ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖