ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ជំរុញឱ្យមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌពាក់ព័ន្ធធ្វើការស្ដារប្រឡាយជើងឯកឱ្យបានលឿននិងធំទូលាយ ដើម្បីរំដោះទឹកចេញពីរាជធានីនៅពេលរដូវវស្សាចូលមកដល់

ចែករំលែក៖

ភ្នំពេញ ៖  លោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យមន្ត្រីនិងមន្ទីរពាក់ព័ន្ធធ្វើការស្ដារប្រឡាយជើងឯកឱ្យបានលឿននិងឱ្យបានធំទូលាយដើម្បីនាំទឹកចេញពីរាជធានីបានលឿននៅពេលរដូវវស្សាមកដល់។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០២៣នេះ  ខណៈដែលលោកដឹកនាំអាជ្ញាធរនិងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពប្រឡាយជើងឯក ដើម្បីឱ្យក្រុមការងារធ្វើការកាយភក់និងពង្រីកតួប្រឡាយឱ្យបានធំទូលាយដើម្បីទឹកហូរបានលឿន ។ 

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការងារដែលត្រូវអនុវត្តពាក់ព័ន្ធនឹងការស្ដារប្រឡាយនេះ យើងមានពេល៤ខែ ពិសេសនៅក្នុងរដូវប្រាំង នេះ ។ រដូវប្រាំងយើងងាយស្រួលក្នុងការ ស្ដារក៏ដូចជាពង្រីកតួប្រឡាយឱ្យបានធំ ធ្វើយ៉ាងណាពេលរដូវវស្សាមកដល់ គឺយើងអាចរុញទឹកចេញពីរាជធានីភ្នំពេញបានលឿន កាត់បន្ថយបាននូវការលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារ ណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាន បញ្ជាក់ផងដែរថា៖ ប្រឡាយជើងឯកនេះ មានតួនាទីសំខាន់ណាស់នៅក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ដោយហូរចាក់មកស្ថានីយបឹងត្របែកដែលមានប្រវែងប្រមាណ១២គីឡូម៉ែត្រចាប់ពីស្ថានីយបឹងត្របែក ឆ្លងកាត់ខណ្ឌមានជ័យ ខណ្ឌដង្កោ បន្តរហូតដល់ភូមិស្ទឹងជ្រៅ នៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

លោកសាំ ពិសិដ្ឋ បានបន្តថា តាមការណែនាំរបស់លោក ឃួង ស្រេង គឺតម្រូវឱ្យក្រុមការងារធ្វើការស្ដារនិងកាយប្រឡាយនេះឱ្យបានទំហំទទឹងចាប់ពី២០ម៉ែត្រទៅ៦០ម៉ែត្រទៅតាមស្ថានភាពជាក់ស្ដែង។ ក្រុមការងារត្រូវបន្ត អនុវត្តការងារនេះជាប្រចាំនិងឱ្យរួចរាល់នៅមុនរដូវវស្សាមកដល់ មានន័យថា ពេលរដូវវស្សាមកដល់ប្រឡាយនេះ ត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញបានល្អ៕

ដោយ ៖ សំរិត


ចែករំលែក៖