ភ្នំពេញ ៖ សហភាពអង្គការសង្គមស៊ីវិល ស្នើដល់ក្រសួងកិច្ចការនារី ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ ថ្កោលទោសសម្តីអសីលធម៌ និងអំពើអនាចាររបស់ អគ្គលេខាធិការគណបក្សភ្លើងទៀន ចំពោះស្ត្រីភេទដែលបានបែកធ្លាយជាហូរហែរមកនេះ។
សេចក្តីថ្លែងការណ៍
សហភាពអង្គការសង្គមស៊ីវិលសូមសម្ដែងការមិនពេញចិត្តនិងស្អប់ខ្ពើមបំផុតចំពោះទង្វើដ៏លាមករបស់ លោកលី សុធារ៉ាយុត្តិ ដែលជាអគ្គលេខាធិការគណបក្សភ្លើងទៀន បានធ្វើនូវទង្វើស្មោគគ្រោក អានាចារ អសីលធម៌ មិនសមជាអ្នកនយោបាយ ហើយគួរចាត់ វិធានមានការថ្កោលទោស។ មានចំណុច៣យ៉ាងដែលខុសយ៉ាងធ្ងន់លើសីលធម៌សង្គម និងជាអំពើបាបកម្មដ៏លាមក។
គណបក្សភ្លើងទៀនប្រហែលជាទាល់ច្រកខ្លាំង ដែលរកមនុស្សមកប្រើលែងបាន បែរជាមកប្រើមនុស្សបាតសង្គមល្មោភកាម ស្រែកឃ្លាងញៀននឹងការមើលកេរ្តិ៍ខ្មាស់របស់មនុស្សស្រី ខ្វះសីលធម៌ មកធ្វើជាថ្នាក់ដឹកនាំ។ ក្នុងខ្សែអាត់សំឡេងបែកធ្លាយដែលបាន ចាក់ផ្សាយតាមបណ្តាញសង្គមបានបញ្ជាក់ឱ្យឃើញថា៖ បុគ្គល លី សុធារ៉ាយុតិ្ត នេះជាទង្វើដ៏អាក្រក់និងគួរឱ្យស្អប់ខ្ពើមជាទីបំផុត ដែលមិនគួរកើតមាននៅក្នុងសង្គមខ្មែរទឹកដីសុវណ្ណភូមិ ពោរពេញទៅដោយសន្តិភាពដ៏ផូរផង់នេះទេ។ អំពើអាក្រក់ក្នុងរឿងអាស្រូវផ្លូវ ភេទដ៏អាក្រក់នោះគឺទី១ បុគ្គលនេះបានប្រព្រឹត្តិអំពើដោយបានក្បត់ប្រពន្ធខ្លួនឯង ហើយទៅយកស្ត្រីជាច្រើន ដែលភាគច្រើនជាប្រពន្ធ របស់បុគ្គលដ៏ទៃ។ អំពើនេះជារឿងអាក្រក់គ្មានមេត្តាបង្កើតក្តីឈឺបំបែកបំបាក់គ្រួសារជនដ៏ទៃ ជាអំពើខុសក្នុងសីល ហើយមានបាបកម្ម ធ្ងន់ធ្ងរណាស់។ ទី២ ប្រើពាក្យសម្ដីអសីលធម៌មកលើស្ត្រីដោយប្រមាថមើលងាយ មិនឱ្យតម្លៃទុកស្ត្រីជាអ្នកបម្រើតណ្ហារបស់ខ្លួន។ នេះ ជាពាក្យអាក្រក់ដែលទ្រូសសីល ដោយពោលពាក្យអាក្រក់មើលងាយ ជាបាបកម្មធ្ងន់ធ្ងរ។ ទី៣ បង្ខំឱ្យស្ត្រីថតរូបអាក្រាត ដើម្បីឱ្យខ្លួន មើលដែលជាទង្វើថោកទាប ប្រមាថលើស្ត្រី មិនឱ្យតម្លៃលើស្ត្រី។
អំពើដ៏លាមកខាងលើ បង្ហាញឱ្យឃើញថា លោក លី សុធារ៉ាយុត្តិ មិនសក្តិសមជាអ្នកនយោបាយខ្មែរនោះទេ។ ទង្វើនេះ បានធ្វើឱ្យយុវជន និងប្រជាជនខ្មែរ មានសេចក្តីខ្មាស់អៀនយ៉ាងខ្លាំងចំពោះបុព្វបុរសខ្មែរ ដែលមិនគួរណាមានបុគ្គលបែបនេះមកធ្វើជា អ្នកនយោបាយនៅលើទឹកដីដ៏ល្អផូរផងនេះទេ។ មិនតែប៉ុណ្ណោះវាបានបង្កើតវប្បធម៌អ្នកនយោបាយអាក្រក់ក្នុងប្រទេសកម្ពុជាដែលជា គំរូមិនល្អ ហើយប្រសិនលោក លី សុធារ៉ាយុត្តិ មានតួនាទីក្នុងជួររដ្ឋាភិបាលវានិងបង្កបញ្ហាធ្ងន់ធ្ងរយ៉ាងខ្លាំងចំពោះប្រទេសជាតិ។
សហភាពអង្គការសង្គមស៊ីវិល សូមសម្ដែងការសោកស្តាយផងដែរចំពោះគណបក្សភ្លើងទៀនដែលទទួលយកបុគ្គលបែបនេះ មកធ្វើជាអគ្គលេខាធិការរបស់បក្ស។ គណបក្សភ្លើងទៀនជាគណបក្សតែងរិះគន់រដ្ឋាភិបាលក្នុងផ្លូវអវិជ្ជមាន ហើយលើកតម្កើងខ្លួនជា អ្នកស្នេហាជាតិ និងជាអ្នកជាតិនិយម បែរជាយកមនុស្សប្រព្រឹត្តិអំពើស្មោគគ្រោក អានាចារមកដឹកនាំបក្ស។ សម្ដីល្អតែទង្វើអាក្រក់ ដែលឆ្លុះបញ្ចាំងឱ្យឃើញថាមិនសមជាអ្នកនយោបាយដែលប្រជាពលរដ្ឋគួរគាំទ្រនោះទេ។
ក្នុងនាមសហភាពអង្គការសង្គមស៊ីវិល សូមអំពាវដល់បណ្តារអង្គការសមាគមនារី ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចូលរួមថ្កោលទោលដល់បុគ្គលបាតសង្គម លី សុធារ៉ាយុត្តិ និងជួយអន្តរាគមន៍ដល់គ្រួសារដែលត្រូវបុគ្គលនេះបំបែកបំបាក់និងធ្វើ ឱ្យបាត់បង់កិត្តិយស សេចក្តីសុខ សុភមង្គលក្នុងគ្រួសារ ៕
ដោយ ៖ សិលា