ភ្នំពេញ៖ ជាថ្មីម្ដងទៀត លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវអនុសាសន៍ ( ៣ កុំ ) ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់ តែម៉ឺងម៉ាត់ ។
ប្រសាសន៍ដាស់តឿនក្រើន រំលឹកនេះនៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលនិងផ្តល់សំលៀកបំពាក់ឯកសណ្ឋាន ភេសជ្ជៈ រួមជាមួយឧបត្ថម្ភថវិកាក្នុងម្នាក់ៗ៥ម៉ឺនរៀល ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង ៥០នាក់កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ។
ថ្លែងទៅកាន់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យ ( ៣ កុំ ) ដូច្នេះថា ១- កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ , ២-កុំសេពគ្រឿងញៀន , ៣-ឈ្លោះទាស់ទែងគ្នា ។ សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត ( ៣ កុំ ) អោយបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ ។
ចំណុចមួយទៀតកុំឈ្លោះទាស់ទែងគ្នាវាមិនល្អទេ ធ្វើអោយប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ។ និយាយ រួមត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព ។ ចំណុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាអោយបាន នូវសេចក្តីថ្លៃថ្នូរ កុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសម្ដីមិនសមរម្យទៅលើ ប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំ សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។ ចំណុចមួយទៀតត្រូវចេះជួយគ្នា ចេះស្រលាញ់គ្នា ចេះអធ្យាស្រ័យអោយគ្នា ចេះសន្តោសប្រណីអោយគ្នាទៅវិញទៅមក និងចេះជួយយកអាសារគ្នា ៕
ដោយ ៖ សណ្តោស