ខេត្តសៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិចូលរួមទស្សនាការប្រកាសលទ្ធផលរាប់ បេះដូងក្រដាសបត់ មានចំនួន២ម៉ឺន១២៣៥នាក់ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ។ ក្នុងនោះមានទអ្នកទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនាតំបន់អង្គរ មានចំនួន ២៤៩០នាក់ ក្នុងមួយថ្ងៃ។ នេះបេីយោងតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរ នៃអាជ្ញាធរជាតិអប្សរា។
របាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងទៀតថា៖ ហេីយនៅល្ងាចថ្ងៃទី១១ ខែមេសា ម្សិលមិញនេះដែរ Guinness World Records បានប្រកាសជាផ្លូវការដាក់បញ្ចូល ក្នុងការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»របស់កម្ពុជា ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ដែលមានចំនួន ៣,៩១៧,៨០៥បេះដូង។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ការសម្រេចបានកំណត់ត្រាពិភពលោកនេះ ច្បាស់ណាស់គឺបានកើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជាម្នាក់ៗ ដែលបានប្រគល់នូវទឹកចិត្តនៃក្តីស្រលាញ់ជូនចំពោះកីឡាករ កីឡាការិនី ជម្រើសជាតិតាមរយៈការបត់បេះដូងជាតំណាងនេះ ជាភាសាបេះដូងរបស់យើងទាំងអស់គ្នាសម្រាប់កម្ពុជា។ ក្នុងនាមជាពលរដ្ឋខ្មែរ និងក្នុងនាមជាផ្នែកមួយនៃយុទ្ធនាការបំបែកឯតទគ្គកម្មពិភពលោកនេះ។ឯកឧត្ដម បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទូទាំងប្រទេស ដែលបានរួមគ្នាចូលរួមបត់បេះដូង រហូតសម្រេចចំនួនដ៏ច្រើនមហិមានាថ្ងៃនេះ។
ការបត់បេះដូងច្រើនជាងគេលើពិភពលោកនេះ មិនមែនផ្តោតសំខាន់ទៅលើការបំបែកឯតទគ្គកម្មនេះមួយមុខនោះទេ អ្វីដែលជាបំណងបន្ថែមទៀតនោះគឺការបង្កើតកម្មវិធីដែលនាំមកនូវប្រជាជនគ្រប់ទិសទី គ្រប់កោសិកាសង្គម គ្រប់ ឬអាចនិយាយថាការនាំមកនូវភាពខុសគ្នា មករួមគ្នាក្នុងចំណុចដូចគ្នា លះបង់ជាមួយគ្នាក្នុងគោលដៅតែមួយ។
តាមរយៈចំនួននៃការចូលរួមហួសពីការរំពឹងទុក ពិតជាសបញ្ជាក់ពី ភាសាបេះដូងសម្រាប់កម្ពុជា ព្រោះថាការចូលរួមទាំងអស់ជាកាយវិការបង្ហាញពីការខ្វល់ខ្វាយ ការយកចិត្តទុកដាក់ ការគាំទ្រសាទរ ការចែករំលែក ស្គាល់ពីទុក្ខធុរៈគ្នា ការលះបង់ពេលវេលា ឬធនធានផ្ទាល់ខ្លួនសម្រាប់អត្តពលិកកម្ពុជាផង និងការចូលរួមសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជាផង។
ជាមួយគ្នានេះ លើសពីការចូលរួមជាលក្ខណៈបុគ្គលមានស្ថាប័នមួយចំនួនបានយកកម្មវិធីនេះទៅបង្កើតជាយុទ្ធនាការផ្ទាល់ខ្លួនបង្កើតជាកម្មវិធីនៃការប្រកួតប្រជែង ជាកម្មវិធីប្រូម៉ូសិនបត់បេះដូង បង្កើតជា Challengនិងប្រមូលបេះដូងបង្កើតជាផ្នែកមួយចូលរួមក្នុងកម្មវិធីបេះដូងច្រើនជាងគេនៅលើពិភពលោក៕
ដោយ៖សហការី