ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សស្លាប់ ៥នាក់ និង៨នាក់រងរបួស​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ ខណៈ​យានយន្តល្មើសចំនួន ៣៤គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស​ នាថ្ងៃទី​១១​ មេសាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ៦នាក់ និងស្រាល ២នាក់ ។​ នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ 

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់ថា​ ចំពោះ​ករណី​គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១០លើក មាន កត្តាល្បឿន ២លើក មិនគោរពសិទ្ធិ ៤លើក បត់គ្រោះថ្នាក់ ២លើក ប្រជែងគ្រោះថ្នាក់ ១លើក និងកត្តាយាន ១លើក។ 

ជាមួយគ្នានោះ​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ នៅថ្ងៃទី១១ ខែមេសាម្សិលមិញនេះ​ដែរ​ បានឱ្យដឹងថា​ ចំនួនគោលដៅសរុប ៨៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៦៥គ្រឿង ម៉ូតូ ៤៤៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៤គ្រឿង មានម៉ូតូចំនួន ២៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ 

សូមជម្រាបថា​ នៅព្រឹកថ្ងៃ​ទី១២​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ (ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នំ២០២៣)។ 

នៅក្នុង​សេចក្តីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ បានបញ្ជាក់ថា​ សូមថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទនភាព ជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកយ៉ាងផុសផុលក្នុងពេលធ្វើចរាចរណ៍ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាពេលកន្លងទៅ៕

ដោយ​៖ ស​ហការី


ចែករំលែក៖