ខេត្តបាត់ដំបង៖ បុរសម្នាក់ បានធ្វេីសកម្មភាពប្រើកាំបិតកាប់ប្រពន្ធឱ្យរងរបួសធ្ងន់ហើយ យកប្រពន្ធដាក់លើផ្ទះ ចាក់គន្លឹះពីក្នុងរួចដេកទល់ភ្លឺ ចុងក្រោយប្រពន្ធទ្រាំមិនបានក៏ប្ដឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមការបញ្ជាក់ពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។
ករណីហិង្សាខាងលើនេះ បានកេីតឡេីងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០១និង៣០នាទីរំលងអធ្រាត ត្រង់ចំណុចក្រុមទី០៤ ស្ថិតនៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ករណីបទហិង្សាក្នុងគ្រួសារដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតកាប់) មួយកើតឡើងបង្កដោយជនសង្ស័យជាប្តីឈ្មោះ ឃីង សុខែម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកាំបិតចុងស្រួចប្រវែង៤១សម ទំហំ៥,៥១សម កាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ រ៉ាប់ សុបិន អាយុ២៧ឆ្នាំ រស់នៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសត្រង់ក្បាល (ធ្ងន់)។
បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យជាប្តីបានយកប្រពន្ធដាក់លើផ្ទះ ហើយចាក់គន្លិះពីក្នុងរួចដេកទល់ភ្លឺដោយមិនបានយកប្រពន្ធទៅពេទ្យទេ។ បន្ទាប់ពីពេលកើតហេតុ ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកបវេល និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋានស្រុកបវេល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹងនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះដល់កន្លែងកើតហេតុធ្វើការបង្រ្កាបនិងឃាត់ ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឃីង សុខែម រួមនិងវត្ថុតាងដូចជា កាំបិតចំនួន ០១។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននគរបាលស្រុកកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕
ដោយ៖សហការី