ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់២នាក់ របួសធ្ងន់២នាក់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នាផ្អើលដល់អ្នកភូមិទាំងក្បាលល្ងាច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៣១៤D ស្ថិតក្នុងភូមិទួលត្របែកឃុំប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FW -៩០២៣ បើកបរដោយឈ្មោះ ញ៉ែម ទិត្យ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ (ស្លាប់) រស់នៅភូមិព្រៃទួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀងនិងអ្នករួមដំណើរឈ្មោះ យ៉ែម សាកូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ (របួសធ្ងន់) រស់នៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជេីង ហើយបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ក៏បុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១O-៣៥៥៥ បើកបរដោយឈ្មោះ មុឺន សុផាត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ (ស្លាប់) រស់នៅភូមិព្រៃវ័រ ឃុំថ្មី ស្រុកស្វាយទាប ខេត្ត ស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ពេជ្រ ជាងឡុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ (របួសធ្ងន់) រស់នៅភូមិរោទ៍ ឃុំញរ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀងដែលធ្វើដំណើរបញ្ច្រាសគ្នា លាន់សូរដូចរន្ទះបាញ់បង្កការភ្ញាក់ដល់អ្នកភូមិនិងអ្នកធ្វើដំណើរតាមផ្លូវតែម្ដង។
ចំពោះ មធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្វាយទាប ។
ចំណែកអ្នករបួសធ្ងន់ទាំង២នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។
រីឯសាកសពទាំង២នាក់សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ សុថាន