ខេត្តសៀមរាប ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ ជាថ្ងៃនៃការប្រកួតផ្តាច់ព្រ័ត្រស្ដេចអុកចត្រង្គឆ្នាំ២០២៣ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយកីឡាករ សុខ លឹមហេង ឈ្នះលើកីឡាករ ឈាវ បូរ៉ា។
សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំការប្រកួតស្ដេចអុកប្រចាំឆ្នាំ២០២៣ ក្រោមការប្រកួតយ៉ាងយកចិត្តទុកដាក់រវាងជើងខ្លាំងទាំងពីរ ក្នុងការប្រកួតចំនួន២ក្តារ ដោយកីឡាករ សុខ លឹមហេង ឈ្នះមួយក្ដារ និងស្មើមួយក្ដារ។ ដូច្នេះហើយ ជ័យជម្នះនៅវគ្គផ្ដាច់ព្រ័ត្រនេះ បានទៅលើកីឡាករ សុខ លឹមហេង។
សូមបញ្ជាក់ផងដែរ ស្តេចអុកចត្រង្គឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លេខ១បានទៅលើកីឡាករ សុខ លឹមហេង លេខ២ បានទៅលើកីឡាករ ឈាវ បូរ៉ា លេខ៣ កីឡាករ ហេង សៅឌី និងលេខ៤ បានទៅលើកីឡាករលឹម ផល្លា។
ជាមួយនេះដែរ កីឡាករទទួលបានជ័យលាភីលេខ១ ទទួលបានប្រាក់ឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំនួន១០លានរៀល និង២០លានពីគណ:កម្មាធិការរៀបចំអង្គរសង្ក្រាន្ត និងពានខុនមួយ លេខ២ ទទួលបានប្រាក់ឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៨លានរៀល និង១០លានពីគណៈកម្មាធិការ និងពានគោលមួយ លេខ៣ ទទួលបានប្រាក់ឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៤លានរៀល និង២លានរៀលពីគណៈកម្មាធិការ និងពាននាងមួយ និងលេខ៤ ទទួលបានប្រាក់ឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ២លានរៀល និង៨០ម៉ឺនរៀល និងលេខ៥ដល់លេខ៨ បាន២លានរៀលផងដែរ។
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបញ្ចេញជាគំនិតថា, ជាអ្នកនិយមចូលចិត្តលេងអុកម្នាក់ដែរ ខ្ញុំសូមសរសើរការលេងរបស់ប្អូន សុខ លឹមហេង ដែលជាប់ជា «ស្តេចអុកចត្រង្គ» នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣។ ខ្ញុំពេញចិត្តយុទ្ធវិធីដើរក្រឡាអុក ៣ចំណុច៖
១/. ទម្រង់ដើរដំបូងនិងការបែងក្រឡា គឺជាវិធីរៀបកម្លាំងដែលការពារគ្នាបានរឹងមាំ ហើយមិនងាប់ក្រឡាខ្លួនឯង។
២/. ប្រើយុទ្ធវិធីរុញទូក ចងក្រឡាស្តេចរបស់ដៃគូប្រកួត ឱ្យទ័លជើង។ ដៃគូមានឱកាសវាយលុកតិចតួចបំផុត។
៣/. ហ៊ានបើកការប្រយុទ្ធមុនដៃគូ ដើម្បីយកប្រៀប ហើយការសម្លាប់ចុងក្រោយ គឺហាក់តាមវិធី បើមិនរែកចាញ់។ យកទូកស៊ីគោល ហើយថែមទាំងអុកសម្លាប់ ស្តេច តែម្តង ដោយប្រើពេលត្រឹមតែរង្វង់ ៧នាទី ហើយកូនអុកនៅពេញក្តារ ៕
ដោយ ៖ សិលា