ព័ត៌មានទាន់ហេតុការណ៍៖

ការបាញ់ប្រហារក្នុងពិធីខួបកំណើតមួយនៅសហរដ្ឋអាមេរិក មនុស្ស ៤ នាក់ស្លាប់ និង ២៨ នាក់រងរបួស

ចែករំលែក៖

កាលពីចុងសប្តាហ៍កន្លងទៅនេះ ទីក្រុង Dadeville រដ្ឋ Alabama សហរដ្ឋអាមេរិក មានការភ្ញាក់ផ្អើលជាមួយនឹងការបាញ់ប្រហារក្នុងពិធីខួបកំណើតដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។
ការបាញ់ប្រហារដ៏ធំបានកើតឡើងនៅល្ងាចថ្ងៃទី ១៥ ខែមេសានៅក្នុងទីក្រុង Dadeville នៅពេលដែលមនុស្សប្រហែល ៥០ នាក់បានចូលរួមពិធីខួបកំណើតនោះ។ យោងតាមមន្ត្រីមូលដ្ឋានថា មនុស្សយ៉ាងតិច៤នាក់បានស្លាប់ និង២៨នាក់រងរបួស ។ រហូតមកដល់ពេលនេះមិនមានជនសង្ស័យត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយទេ ហើយក៏មិនមានការចាប់ខ្លួនដែរ។
ឧបទ្ទវហេតុនេះបានកើតឡើងប្រហែលមួយម៉ោងបន្ទាប់ពីការបាញ់ប្រហារនៅទីក្រុង Louisville រដ្ឋ Kentucky បានបណ្តាលឲ្យមនុស្ស ២ នាក់ស្លាប់ និង ៤ នាក់ទៀតរងរបួស។ នេះជាការបាញ់ប្រហារលើកទីពីរនៅ Louisville ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដែលខ្មាន់កាំភ្លើងបានបាញ់ប្រហារបណ្តាលឲ្យមនុស្សប្រាំនាក់ស្លាប់ និងប្រាំបីនាក់រងរបួស នៅពេលដែលគាត់បានបើកការបាញ់ប្រហារទៅលើធនាគារមួយ។
នៅក្នុងសារកាលពីថ្ងៃទី ១៦ ខែមេសា ប្រធានាធិបតី Joe Biden បានថ្កោលទោសការបាញ់ប្រហារនេះ ហើយបានអំពាវនាវឱ្យមានវិធានការគ្រប់គ្រងកាំភ្លើងដើម្បីកំណត់ឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើង។
លោក Jeremy Burkett អ្នកនាំពាក្យអនុវត្តច្បាប់រដ្ឋ Alabama បាននិយាយថា៖ «មនុស្សយ៉ាងហោចណាស់បួននាក់បានស្លាប់ក្នុងព្រឹត្តិការណ៍សោកនាដកម្មនេះក្នុងទីក្រុង Dadeville។ បើនិយាយពីចំនួនអ្នករងរបួសវិញមានចំនួន ២៨នាក់។ បច្ចុប្បន្នជនរងគ្រោះមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាមួយនឹងរបួសធ្ងន់។ ក្រុមជំនាញកំពុងធ្វើការដើម្បីបញ្ជាក់ និងស៊ើបអង្កេតអ្នកគ្រប់គ្នាដែលនៅកន្លែងនោះនៅជិតប្លុក ២០០ កាលពីយប់មិញ។ យើងកំពុងស៊ើបអង្កេតដោយប្រុងប្រយ័ត្ននូវតម្រុយនីមួយៗ យើងមិនប្រញាប់ទេ»។
យោងតាមសាក្សីបានឱ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងនៅក្នុងពិធីខួបកំណើតគម្រប់ ១៦ ឆ្នាំនៅឯស្ទូឌីយ៉ូរាំ Mahogany Masterpiece នៅកណ្តាលទីក្រុង Dadeville កាលពីល្ងាចថ្ងៃទី ១៥ ខែមេសា (ម៉ោងក្នុងតំបន់) ។ គេបានឮសំឡេងកាំភ្លើងជាច្រើនគ្រាប់ ហើយមនុស្សម្នារត់ចេញពីអគារទាំងភ័យស្លន់ស្លោ។

ឧប្បត្តិហេតុហិង្សាដោយកាំភ្លើងទាំងនេះបានជំរុញឱ្យមេដឹកនាំក្នុងតំបន់អំពាវនាវឱ្យមានវិធានការគ្រប់គ្រងកាំភ្លើងកាន់តែតឹងរ៉ឹង៕ ដោយ៖ ធីរីណា

(រូប​ថត​៖ AFP)


ចែករំលែក៖