ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់កាត់ទោសទាហាន១០នាក់ឱ្យជាប់ពន្ធនាគារពីបទបាញ់ទម្លាក់យន្តហោះ Boeing របស់អ៊ុយក្រែន

ចែករំលែក៖

តុលាការអុីរ៉ង់បានកាត់ទោសទាហាន១០នាក់ក្នុងការបាញ់ទម្លាក់យន្តហោះប៊ូអុីង៧៣៧-៤០០(Boeing 737-400) របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនអន្តរជាតិ (UIA) ក្នុងឆ្នាំ២០២០។
ទីភ្នាក់ងារសារព័ត៌មានអុីរ៉ង់ IRNA បានរាយការណ៍ថា បន្ទាប់ពីការកាត់ក្តីប្រហែល ២0 ដង មេបញ្ជាការនៃប្រព័ន្ធការពារដែនអាកាស Tor M-1 ត្រូវបានកាត់ទោសឱ្យជាប់គុក ១៣ ឆ្នាំ និងត្រូវសងសំណងដល់គ្រួសារជនរងគ្រោះ។
យោងតាមការចោទប្រកាន់ មេបញ្ជាការរូបនេះ មិនគោរពតាមបញ្ជាពីថ្នាក់លើ យល់ច្រឡំលើយន្តហោះដឹកអ្នកដំណើរថាជា “គោលដៅសត្រូវ” និងបានបាញ់មីស៊ីលចំនួនពីរគ្រាប់ទៅលើយន្តហោះ។
IRNA បាននិយាយថា ទាហានប្រាំបួននាក់ផ្សេងទៀតនៅក្នុងករណីដែលនៅពេលកើតហេតុកំពុងបម្រើក្នុងក្រុមត្រួតពិនិត្យការពារដែនអាកាស Tor M-1 ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី 1,5 ទៅ 3 ឆ្នាំ។
ជើងហោះហើរលេខ 752 របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនអន្តរជាតិ បានធ្លាក់ខណៈពេលកំពុងធ្វើដំណើរពីទីក្រុងតេអេរ៉ង់ (អុីរ៉ង់) ទៅកាន់ទីក្រុងគៀវ (អ៊ុយក្រែន) នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ ២០២០ ដោយបានសម្លាប់មនុស្សទាំង ១៧៦ នាក់នៅលើយន្តហោះ។
ក្រោយមក យោធាអុីរ៉ង់បានសារភាពថាបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនដោយច្រឡំ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Reuters)


ចែករំលែក៖