ខេត្តស្ទឹងត្រែង៖ យោងតាមការបញ្ជាក់ពីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានឱ្យដឹងថា ករណីគ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់ បានបំផ្លាញលំនៅឋានប្រជាពលរដ្ននៅតាមបណ្ដាស្រុកមួយចំនួន ក្នុងខេត្តស្ទឹងត្រែង បណ្ដាលឱ្យបោកបក់រលំ និងរបើកដំបូលជិត៣០០គ្រួសារ និងមនុស្ស២នាក់បាត់ខ្លួន និងរងរបួសធ្ងន់។
របាយការណ៍ដដែលបន្តថា ស្ថានភាពនៃផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ គិតមកត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ មានចំនួនសរុប២៧០ខ្នងផ្ទះ មាន ២៧៥គ្រួសារ ។
ដើម្បីជាការឆ្លើយតប អាជ្ញាធរខេត្ត ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់គ្រួសារដែលរងគ្រោះនៅស្រុកមួយចំនួន នៅរសៀលថ្ងៃទី១៧មេសានេះ ថ្នាក់ដឹកនាំខេត្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅក្នុងសង្កាត់សាមគ្គី និងនៅតាមតំបន់មួយចំនួនទៀតអាជ្ញាធរក្នុងមូលដ្ឋានបានចុះជួយ និងពិនិត្យឆ្លើយតបតាមភាពជាក់ស្ដែង៕
ដោយ៖សហការី