ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកស្រី ,លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំសសយកខេត្ត និងក្រុមការងាររៀបចំទាំងអស់ នៅរាត្រីថ្ងៃអាទិត្យ ១១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយនៃព្រឹត្តការណ៍សង្ក្រាន្ដបាត់ដំបង ឆ្នាំ២០២៣ បានឡើងសំណេះសំណាល និងថ្លែងអំណរចំពោះប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលបានអញ្ជើញមកលេងកម្សាន្តខេត្តបាត់ដំបង ក៏ដូចជាមកលេងកម្សាន្ដនៅព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបងយ៉ាងច្រើនកុះករ ។
លោក សុខ លូ បានមានប្រសាសន៍លើកឡើងថា ប្រការដែលយើងអាចរៀបចំព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបងនេះបាន ក៏អាស្រ័យទៅបានដោយសុខសន្ដិភាព ដូចនេះយើងទាំងអស់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំកំពូលដទៃទៀត ដែលបានខិតខំរកសន្ដិភាពជូនប្រជាពលរដ្ឋ ធ្វើឱ្យយើងអាចរៀបចំកម្មវិធីនេះបានយ៉ាងសប្បាយរីករាយ ។
លោកអភិបាលខេត្ត បានបន្តទៀតថា ខេត្តបាត់ដំបង ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានធ្វើឱ្យខេត្តបាត់ដំបងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់វិស័យ ញ៉ាំងឱ្យជីវភាពប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ។
ឆ្លៀតក្នុងឱកាសនេះក្នុងនាមរដ្ឋបាលខេត្តបាត់ដំបងនេះ សូមទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព្រះនាម កិមិរាទេវី សូមជួយថែរក្សាអភិបាលប្រោះព្រំសទ្ទសាធុការពរជ័យគ្រប់ប្រការ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ជូនដល់អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងអស់ផងដែរ ៕
ដោយ៖ សហការី