ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ ០៣នាក់បន្លំចូលលេងសង្ក្រាន្តវត្តភ្នំ​លួចទូរស័ព្ទដៃបាន ១៥គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​វត្តភ្នំ​ បានឃាត់ខ្លួន​ជនសង្ស័យ ៣នាក់ បន្ទាប់ពីពួកគេបានបន្លំខ្លួនចូលលេងសង្ក្រាន្តក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំ រួចធ្វើសកម្មភាពលួចទ្រព្យសម្បត្តិពលរដ្ឋដូចជាទូរស័ព្ទ ខ្សែ.ក និងកាបូបលុយជាដើម។

យោងតាមប្រភពព័ត៌មាន​ពីកន្លែងកេីតហេតុ​ បានឱ្យដឹងថា​ ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ​ បានធ្វេីឡេីងកាលពីវេលាម៉ោង ២៖៥០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ចំណុចក្នុងបរិវេណវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

  ជនសង្ស័យទី១-ឈ្មោះ កែវ សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិ២១ សង្កាត់បឹងកក់ទី២  ខណ្ឌទួលគោក (ឃាត់ខ្លួន),ទី២-ឈ្មោះ ជា សាវិន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី មានទីលំនៅបច្ចុប្បន្នផ្ទះជួល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (ឃាត់ខ្លួន), ទី៣-ឈ្មោះ រាជ បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (ឃាត់ខ្លួន)។

សមត្ថកិច្ចបានដកហូតវត្ថុតាងដកហូតរួមមាន៖ ទូរស័ព្ទដៃ១៥ គ្រឿង(ម៉ាក IphoneX ចំនួន៤គ្រឿង, ម៉ាក IphoneXs max ចំនួន១គ្រឿង, ម៉ាក Iphone11 ចំនួន ៤គ្រឿង, ម៉ាក Iphone 8Plus ចំនួន ១គ្រឿង, ម៉ាក Realme ចំនួន ២គ្រឿង, ម៉ាក Vivo ចំនួន ១គ្រឿង, ម៉ាក ZERO ចំនួន ១គ្រឿង, ម៉ាក Oppo ចំនួន ១គ្រឿង។

បេីតាមសម្ដីជនរងគ្រោះ​ បានឱ្យដឹងថា មុនពេលកើតហេតុពួកគេបានឃើញបុរស ៣នាក់​ អាយុប្រហែលជាង ២០ឆ្នាំ មកបន្លំធ្វើជាលេងបាញ់ទឹក និងប៉ាតម្សៅទៅលើនារីៗ និងបុរស រួចក៏បានឆ្លៀតឱកាសហូតយកទូរស័ព្ទ និងខ្សែ.ក រួមទាំងលុយមួយចំនួនទៀតពីជនរងគ្រោះ។​ ស្រាប់តែមួយសន្ទុះ ក្រោយមកជនរងគ្រោះជាច្រើននាក់មានទាំងបុរសនិងនារី ក៏នាំគ្នាទៅកន្លែងទីស្នាក់ការសុំប្រកាសដើម្បីស្វែងរកសម្ភារៈ និងឱ្យបងប្អូនដែលមកលេងក្នុងបរិវេណវត្តភ្នំប្រុងប្រយ័ត្នទាំងអស់គ្នា​ ពីព្រោះ​មានជនខិលខូច​មួយក្រុមបន្លំធ្វេីសកម្មភាពលួចផងដែរ។ 

ក្រោយមានការប្រកាសបែបនេះរួច កម្លាំងសមត្ថកិច្ចប្រចាំការនៅក្នុងបរិវេណវត្តភ្នំក៏បានដើរល្បាត ក៏ប្រទះឃើញ បុរសជាជនសង្ស័យទាំង៣នាក់នោះ កាន់កាបូបមួយ ហើយកំពុងតែអង្គុយរាប់ទូរស័ព្ទ ភ្លាមនោះសមត្ថកិច្ចក៏ចូលទៅឃាត់រួចពិនិត្យទៅឃើញមានខ្សែ.ក ទូរស័ព្ទដៃ១៥គ្រឿង រួមទាំងលុយមួយចំនួនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ​៖ សហការី​


ចែករំលែក៖