ព័ត៌មានទាន់ហេតុការណ៍៖

ចូលរួមពិធីប្រគល់រង្វាន់នៅកណ្តាលវាលបណ្តាលឱ្យមានមនុស្សជាច្រើនស្លាប់ដោយសារតែក្តៅខ្លាំង

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ១១នាក់ស្លាប់ និងជាង៥០នាក់ផ្សេងទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែអាកាសធាតុក្តៅខ្លាំង ហើយប្រារព្ធពិធីប្រគល់រង្វាន់នៅកណ្តាលវាល ។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា មានមនុស្សជាច្រើនបានចូលរួមក្នុងព្រឹត្តិការណ៍ផ្តល់ពានរង្វាន់មួយដែលឧបត្ថម្ភដោយរដ្ឋាភិបាល នៅឯរដ្ឋម៉ាហារ៉ាស្ត្រា (Maharashtra) ភាគខាងលិចប្រទេសឥណ្ឌា។
ព្រឹត្តិការណ៍ខាងលើត្រូវបានប្រារព្ធឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្នុងលក្ខណៈបើកចំហកណ្តាលវាល នៅតំបន់ណាវីម៉ុមបៃ (Navi Mumbai។ មនុស្សរាប់ពាន់នាក់បាននាំគ្នាចូលរួមក្នុងព្រឹត្តិការណ៍នោះ ដែលបានប្រព្រឹត្តទៅរយៈពេលប្រហែល៥ម៉ោងទាំងស្ថិតននៅក្រោមស្ថានភាពថ្ងៃក្តៅហែង។ ជាលទ្ធផល មនុស្ស១១នាក់បានស្លាប់ និង៤៤នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ស្របពេលដែលក្រុមវេជ្ជបណ្ឌិតបាននិយាយថា ពួកគេភាគច្រើនបានជួបអាការខ្លួនឡើងកម្តៅលើសជ្រុល ខ្សោះជាតិទឹក ហើយនិងបញ្ហាផ្សេងៗទៀត ពាក់ព័ន្ធជាមួយនឹងការរងចំហាយកម្តៅខ្លាំង។
អ្នកស្រុកឥណ្ឌាក្នុងតំបន់បានអះអាងថា ក្រុមអ្នករៀបចំព្រឹត្តិការណ៍ មានកន្លែងផ្តល់ម្លប់សម្រាប់តែក្រុមភ្ញៀវ VIP ប៉ុណ្ណោះ ហើយមិនបានគិតគូររៀបចំផ្តល់កន្លែងជ្រកបណ្តោះអាសន្នដើម្បីជួយការពារអ្នកចូលរួមទូទៅដទៃទៀតពីពន្លឺថ្ងៃឡើយ។ កាលពីថ្ងៃអាទិត្យ តំបន់ខាងលើ បានកត់ត្រាសីតុណ្ហភាពក្នុងកម្រិតអតិបរមា៣៨អង្សាសេ។ មួយរយៈចុងក្រោយនេះ ក្រុមអ្នកជំនាញសុខាភិបាលឥណ្ឌា ក៏បានផ្តល់ការណែនាំឱ្យប្រជាជនចៀសវាងស្ថិតនៅក្រោមកម្តៅថ្ងៃចំផ្ទាល់ផងដែរ ជាពិសេសអំឡុងពេលថ្ងៃត្រង់។
យោងតាមសេចក្តីប្រកាសក្នុងខែនេះរបស់អាជ្ញាធរឧតុនិយមឥណ្ឌា គឺតំបន់ភាគច្រើននៃប្រទេសឥណ្ឌា នឹងត្រូវជួបប្រទះនូវកម្រិតសីតុណ្ហភាពអតិបរមាខ្ពស់ជាងធម្មតា ចាប់ពីខែមេសា ដល់ខែមិថុនា។ ក្នុងឆ្នាំ២០២៣នេះ ឥណ្ឌាក៏បានកត់ត្រានូវខែកុម្ភៈដែលក្តៅជាងគេបំផុត គិតចាប់តាំងពីឆ្នាំ១៩០១ ថែមទៀតផង៕ ដោយ៖ ធីរីណា

រូបថត៖ PTI


ចែករំលែក៖