ការវាយប្រហារទ្រង់ទ្រាយធំ របស់កម្លាំងទាហានស៊ូដង និងក្រុមទាហានស៊ីឈ្នួលគាំទ្រក្រុម RSF បានកើតឡើងនៅក្នុងរដ្ឋធានី Khartoum និងទីក្រុងជាច្រើនផ្សេងទៀតនៅក្នុងប្រទេសស៊ូដង់។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា តំណាងពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់១៨៥នាក់ហើយត្រូវបានសម្លាប់ និងជាង ១,៨០០នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រយុទ្ធដណ្ដើមអំណាចគ្នារវាងឧត្តមសេនីយ៍ពីររូប ក្នុងប្រទេសស៊ូដង់ នារយៈពេល៣ថ្ងៃមកនេះ។
លោក វ៉ុលឃើរ ភឺស (Volker Perthes) តំណាងពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់បានធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងញូវយ៉កតាមប្រព័ន្ធវីដេអូ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោក វ៉ុលឃើរ បានឱ្យដឹងដែរថា ស្ថានភាពនៅពេលនេះគឺពិបាកព្យាករ រីឯគូភាគីជម្លោះក៏មិនបានបង្ហាញសញ្ញាចង់ចរចា ឬទទួលយកការសម្របសម្រួលបញ្ចប់ជម្លោះនឹងគ្នានោះដែរ។
អំពើហិង្សានិងការវាយប្រយុទ្ធគ្នា បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន រវាងកងទ័ពស៊ូដង់ដឹកនាំដោយឧត្ដមសេនីយ៍ អាប់ឌែល ហ្វាតាស់ អាល់បួរហាន់ (Abdel Fattah al-Burhan) និងទាហានប៉ារ៉ា ឬហៅកាត់ថា RSF របស់ឧត្ដមសេនីយ៍ មហាំម៉ាត់ ហំាដាន ដាហ្កាឡូ (Mohamed Hamdan Dagalo)។
ឧត្តមសេនីយ៍ ទាំង២រូបនេះ ធ្លាប់បានរួមដៃគ្នាធ្វើរដ្ឋប្រហារយោធានៅស៊ូដង់កាលពីឆ្នាំ២០២១ និងកំពុងវាយប្រយុទ្ធគ្នាយ៉ាងសាហាវដើម្បីដណ្ដើមអំណាចគ្នាវិញម្ដង៕
ដោយ៖ ធីរីណា(ប្រភពរូបថត ៖ Viettimes.vn)