ភ្នំពេញ ៖ ក្រោយមានភាពចម្រូងចម្រាសនៅលើបណ្ដាញសង្គម បន្ទាប់ពីកីឡាប្រដាល់គុនខ្មែរ ឈឿន ល្វៃ វ៉ៃដល់៥ទឹក ហើយកីឡាករផ្សេងៗ វាយត្រឹម៣ទឹក នៅលើសង្វៀនទឹកដីអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី១៥ មេសា រហូតផ្ទុះការរិះគន់ទៅលើអាជា្ញកណ្ដាល ពេលនេះដំណោះស្រាយត្រូវបានបង្ហាញលទ្ធផលហើយ គ្រាដែលភាគី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បើកកិច្ចប្រជុំជជែកគ្នា អស់រយៈពេល៤ម៉ោង កាលពីថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ ម្សិលមុិញ ខណៈ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ក៏បានចូលរួម ធ្វើការណែនាំ ទាំងការរៀបចំការប្រកួត មុនស៊ីហ្គេម មិនឱ្យមាន ទោះជានៅតាមស្ថានីយទូរទស្សន៍ក៏ដោយ ដើម្បីរក្សាសុខភាព កីឡាករឱ្យមានភាពរឹងមាំ សម្រាប់ការប្រកួតជាលក្ខណៈអន្តរជាតិ។
សម្ដេចតេជោ ហ៊ុនសែន ឯកភាពតាមការបកស្រាយរបស់ចៅក្រម ដែលមិនអនុញ្ញាតឲ្យ កីឡាករប្រដាល់គុនខ្មែរ ឈឿន ល្វៃ វាយដៃគូ អាចបណ្ដាលឲ្យស្លាប់ដោយកណ្ដាប់ដៃ។ សម្ដេចចាត់ទុកថានេះជាគុណធម៌មួយ ដ៏ល្អរបស់យើង ។
សូមបញ្ជាក់ថា, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, គោរពតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីយេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំកិច្ចប្រជុំពិសេសមួយក្រោមការដឹកនាំរបស់ លោក ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្ដីពីសកម្មភាពនៃការប្រកួតកីឡាប្រដាល់គុនខ្មែរនាថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ជាលទ្ធផលសហព័ន្ធកីឡាប្រដាល់គុនខ្មែរពិនិត្យ និងពង្រឹងឡើង វិញនូវ៖
១-បទបញ្ជាការប្រកួតឱ្យកាន់តែមានប្រសិទ្ធភាព។
២-ប្រកាសឱ្យបានច្បាស់លាស់នូវលក្ខខ័ណ្ឌការប្រកួតចំនួនទឹកដល់កីឡាករ កីឡាការិនី និងមហាជនបានជ្រាប។
៣-ធ្វើការពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្តាល ចៅក្រមដឹកនាំការប្រកួតបន្ថែមទៀត។
៤-គ្រប់គ្រង ថែទាំកីឡាករជម្រើសជាតិឱ្យបានល្អ សម្រាប់ត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេមខាងមុខ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា