ខេត្តកំពង់ចាម ៖ យោងតាមការណែនាំ និងចង្អុលបង្ហាញពីសំណាក់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជុំវិញការដាក់គ្រឿងចក្រចុះស្ដារអាចម៍ដីដែលបានចាក់លុបទន្លេតូច នៅចំណុចមុខវត្តពាមប្រធ្នោះ ក្នុងឃុំពាម ស្រុកកោះសូទិន ខេត្តកំពង់ចាម។ នេះបើយោងតាមការបញ្ជាក់លើផេក ផ្លូវការរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ជាក់ស្ដែងនៅព្រឹកថ្ងៃ ទី១៨ ខែមេសា ឆ្នាំ២០២៣ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានស្ដារអាចម៍ដីដែលបានចាក់លុបទន្លេតូច ឲ្យទៅតាមធម្មជាតិវិញ។
ក្រោយការពិនិត្យ សិក្សាយ៉ាងល្អិតល្អន់ និងយោងតាមសំណើរបស់បងប្អូនប្រជាពលរដ្ឋ លោកអភិបាលខេត្ត បានសម្រេចលើកគម្រោងក្នុងការសាងសង់ស្ពានបេតុង ១កន្លែង ឆ្លងកាត់ទន្លេតូច ចំណុចខាងមុខវត្តពាមប្រធ្នោះ ស្រុកកោះសូទិន តភ្ជាប់ទៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលជាចំណង ដៃដ៏ថ្លៃថ្លា និងថ្មីស្រឡាងមួយទៀត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បងប្អូនប្រជាពលរដ្ឋ បង្ហាញអារម្មណ៍រីករាយសប្បាយចិត្ត និងបានប្តេជ្ញាបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃកម្ពុជា នាពេលអនាគត។
អាជ្ញាធរខេត្ត និងមន្ត្រីជំនាញបានយកចិត្តទុកដាក់ តាមការណែនាំរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីធ្វើការងារនេះ ឱ្យបានជោគជ័យក្នុង ការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕
ដោយ ៖ សិលា