ភ្នំពេញ ៖ បន្ទាប់ពី facebook មួយមានឈ្មោះថា, ( សួន សេរីរដ្ឋា ) បានបង្ហោះ បើគិតមកដល់រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ដែលសរសេរថា , “អ្នករំលោភយកដីចំណីមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង និងរំលោភព័ទ្ធយកដីឆ្នេរសមុទ្រអង្កោល នៅខេត្តកែប ជាបុគ្គលតែម្នាក់..!
facebook មួយមានឈ្មោះថា, ( សួន សេរីរដ្ឋា ) បានបន្តថា, បើក្រសួងមហាផ្ទៃមើលឃើញករណីនៅ ឆ្នេសមុទ្រអង្កោល ខេត្តកែប ហើយនោះ សូមមេត្តាមើលឃើញករណីនៅ ស្ទឹងសង្កែ ខេត្តបាត់ដំបង ផងដើម្បីតម្លាភាពនិងយុត្តិធម៌ ។
មួយទៀតខ្ញុំ សូមអំពាវនាវដល់អ្នកមានលុយ… បើមានលុយរហូតដល់រដ្ឋបាលខេត្ត (ថ្នាក់ក្រោមជាតិ) ក៏ខ្លាចមិនហ៊ានប៉ះពាល់ហើយនោះ សូមមេត្តាយកលុយទៅទិញដីស្របច្បាប់ពីប្រជាពលរដ្ឋដើម្បីពង្រីកធ្វើលំនៅដ្ឋានឬផ្ទះលំហែរផ្ទាល់ខ្លួនទៅ… សូមកុំឆ្ងាញ់តែដីចំណីស្ទឹង ចំណីឆ្នេរ ជារបស់រដ្ឋនោះ វានាំឲ្យថ្នាក់ដឹកនាំឈឺក្បាលនឹងអំពើលោភលន់របស់អ្នក” ។
ពាក់ព័ន្ធករណីនេះ បើនៅខេត្តកែប មានផេកខ្លះសរសេរថា, ក្រសួងមហាផ្ទៃបានធ្វើលិខិតជម្រាបទៅអភិបាលខេត្តកែប ពិនិត្យករណីបុគ្គលយកឆ្នេរសមុទ្រ”អង្កោល”ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីអោយក្រុមការងារ របស់ក្រសួងងាយស្រួលធ្វើការ ។
អ្នកខ្លះសរសេរថា : ក្រសួងមហាផ្ទៃបានធ្វើលិខិតជម្រាបទៅអភិបាលខេត្តកែប ពិនិត្យករណីបុគ្គលយកឆ្នេរសមុទ្រ”អង្កោល”ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ក្នុងនោះ លោកអង្គ មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើលិខិតជម្រាបជូនអភិបាល នៃគណៈអភិបាលខេត្តកែប រឿងដីឆ្នេរសមុទ្រមួយកន្លែង នៅស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានបុគ្គលម្នាក់ធ្វើរបងរំលោភយកធ្វើជាកម្មសិទ្ធិ ពិនិត្យជាសមត្ថកិច្ច រួចរាយការណ៍ជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃ ដើម្បីក្រសួងមាន មូលដ្ឋានចាត់ការបន្ត។
មន្ត្រី និងប្រជាពលរដ្ឋបានធ្វើការចោទទៅលើលោក កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា បានរំលោភយកដីឆ្នេរសមុទ្រ និងបង្វែគម្រោងទីតាំងផ្លូវ។ ករណីនេះបានបង្កការភ្ញាក់ផ្អើល ដល់ក្រុមការងារអន្តរក្រសួង តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋបាលខេត្តកែប។
សូមជម្រាបជូនថា, ពាក់ព័ន្ធបញ្ហា ករណីរំលោភយកឆ្នេរងង្កោលសមុទ្រកែប លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ដោយនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ទូរស័ព្ទចូលគ្មានអ្នកទទួល ។ ដោយឡែក លោក អង្គ មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ត្រង់សំណួរថា : តើលិខិតដែលឯកឧត្តមបានជម្រាបជូនទៅអភិបាលខេត្តកែប ពិនិត្យករណីបុគ្គលយកឆ្នេរសមុទ្រ”អង្កោល”ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីអោយក្រុមការងារ របស់ក្រសួងងាយស្រួលធ្វើការ ។ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោករដ្ឋលេខាធិការ អង្គ មង្គល បានបញ្ជាក់ថា, ខ្ញុំបានដាក់លិខិតនេះរួចទៅហើយ ត្រង់ថាការឆ្លើយតបរបស់ខេត្ត មកកាន់ក្រសួងមហាផ្ទៃវិញនោះ មិនទាន់ច្បាស់នៅឡើយ..ចាំមើលខ្ញុំពិនិត្យ និងសួរទៅកាន់ក្រុមការងារសិន។
លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានប្រាប់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” តាមប្រព័ន្ធ Telegram នៅរសៀលនេះថា, ខ្ញុំសូមអរគុណច្រើន ចំពោះសំណួរដែលមានអត្ថប្រយោជន៍ ។ ករណីដែលមានការបង្ហោះ តាម facebook នោះ ការពិតបានកើតមុនខ្ញុំមកកាន់តំណែង។ ប៉ុន្តែខ្ញុំបានធ្វើកិច្ចការនេះ តាមរយៈបង្កើតក្រុមការងារ ឱ្យអាជ្ញាធរជំនាញពាក់ព័ន្ធ ហាមឃាត់ ។ លោកអភិបាលខេត្តបាត់ដំបងបានបន្តថា, អ្វីដែលពិនិត្យ ការពិតជាក់ស្ដែង ទាំងអាជ្ញាធរមូលដ្ឋាន ទាំងមន្ត្រីជំនាញ គ្រប់ជាន់ថ្នាក់ ទទួលស្គាល់ថា, អ្នកដែលបានចាក់ដីសង់ផ្ទះវីឡានោះ គាត់មិនបានរំលោភយកដីចំណីស្ទឹងសង្កែនោះទេ។ លោកអភិបាលខេត្តលើកហេតុផលថា, គាត់ពិតជាបានចាក់ដីចូលទៅចំណីមាត់ស្ទឹងសង្កែ ប៉ុន្តែការចាក់នេះ គឺត្រូវបានកាយចេញ រួចរៀបចំធ្វើជាច្រាំង ស្របតាមការណែនាំរបស់ជំនាញ។
លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តថា, បច្ចុប្បន្ននេះ ខេត្តមានគោលបំណង ធ្វើច្រាំងតាមដងស្ទឹងសង្កែ ហើយក៏អាចចាក់ដីចូលបែបនេះដែរ រួចកាយយមកវិញ ដើម្បីទប់ធ្វើជាច្រាំង ឱ្យមានភាពរឹងមាំ និងកែលម្អសោភ័ណភាពដងស្ទឹងសង្កែឲ្យបានល្អ។ លោកបញ្ជាក់ថា, ចំពោះករណីខាងលើ ខ្ញុំក៏បានឲ្យខាងអាជ្ញាធរស្រុក បញ្ជាក់លម្អិត ដើម្បីឲ្យខាងខេត្ត ធ្វើរបាយការណ៍ជូនទៅកាន់ក្រសួងមហាផ្ទៃ ជុំវិញដែលមានការលើកឡើងនោះ ។
ដោយឡែកសាមីជនដែលរងនូវការចោទប្រកាន់ ពីប្រជាពលរដ្ឋ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងបានទេដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែអង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយគ្រប់ម៉ោងរដ្ឋបាល ៕
ដោយ ៖ សិលា