ខេត្តពោធិ៍សាត់ ៖ លោកឧត្ដមសេនីយ៍ត្រី នូវ តាល់ ស្នងការរងទទួលផែនការងារចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងតាមបណ្ដាញសង្គម(តេឡេក្រាម)នាព្រឹកថ្ងៃអង្គារ ១៣រោច ខែចេត្រ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះថា គ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះស្លាប់និងរបួសមានការកើនឡើងនេះបើប្រៀបធៀបនឹងឆ្នាំ២៩២២កន្លងទៅ ។
លោកស្នងការរងមានប្រសាសន៍ទៀតថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គិតត្រឹមថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១០ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ដល់ទៅចំនួន០៧នាក់ និងរបួសធ្ងន់ស្រាលចំនួន៣៣នាក់ នេះសឱ្យឃើញថាមានការកើនឡើង បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ។
លោក ឧត្ដមសេនីយ៍ត្រីបញ្ជាក់ទៀតថា ម៉ូតូនឹងម៉ូតូចំនួន០៦ករណី ម៉ូតូនឹងរថយន្តតូចចំនួន០៣ករណី រថយន្តតូចបុករះមនុស្ស និងម៉ូតូចំនួន០១ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន០៧នាក់ របួសធ្ងន់ចំនួន២៣នាក់ ស្រី០៥នាក់ និងរបួសស្រាល់ចំនួន១០នាក់ ស្រី០១នាក់ បើប្រៀបធៀបឆ្នាំ២០២២មានការកើនឡើង ខណៈឆ្នាំខាលស្លាប់ត្រឹមតែចំនួន០៤នាក់តែប៉ុណ្ណោះ ៕
ដោយ៖ ប៉ឹម ពិន