ខេត្តតាកែវ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់ស្ទាក់ឃាត់បានភ្លាមៗ ក្រោយពីធ្វើសកម្មភាពឆក់ កាបូបពីពលរដ្ឋជិះម៉ូតូត្រឡប់មកពីផ្សារអង្គតាសោមឆ្ពោះទៅផ្ទះវិញ តែមិនបានសម្រេច ព្រោះបណ្ដាលឱ្យដួលម៉ូតូរងរបួសម្ដាយនិងកូនតូច។
យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ មានករណីក្រុមចោរ០២នាក់ធ្វើសកម្មភាពឆក់យកកាបូប ពីពលរដ្ឋនៅចំណុចលើផ្លូវកៅស៊ូ ស្ថិតនៅភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម តែមិនបានសម្រេច ដោយជនរងគ្រោះប្រតាយប្រតប់ជាមួយជនសង្ស័យទាំង ០២នាក់ បណ្ដាលឱ្យដួលម៉ូតូរងរបួសម្ដាយនិងកូនតូចម្នាក់។
លោកអធិការនគរបាលស្រុកត្រាំកក់ បានបន្តថា ក្រោយទទួលបានពាក្យបណ្ដឹងពីពលរដ្ឋរួចមក ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទាំងអស់ស្ទាក់ចាប់បានជនសង្ស័យ០២នាក់ ជិះម៉ូតូម៉ាកនិចពណ៌ផ្កាឈូក គ្មានស្លាកលេខ ប្រដាប់ដោយកាំបិតក្រង៉ុក មានឈ្មោះ ម៉ម សុខ ហៅកែវ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិសេកយា ឃុំអង្គតាសោម និងឈ្មោះ ថន លីហ្សា ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះចំនួនពីរនាក់ដែលកំពុងជិះម៉ូតូម៉ាកស្គូពីឌុបកូនតូចចេញពីផ្សារអង្គតាសោម តាមផ្លូវខាងលើឆ្ពោះទៅផ្ទះវិញ តែពេលធ្វើសកម្មភាពជនសង្ស័យយកទូរស័ព្ទពុំបានទេដោយជនរងគ្រោះប្រតាយប្រតប់យកបានវិញ បណ្ដាលឲ្យដួលម៉ូតូរងរបួសទាំងម្ដាយ និងកូនតូច។ ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ ឆែត ស្រីនាង ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិតាសោម ឃុំសំរោង និងឈ្មោះ រឿន ចំរើន ភេទស្រី អាយុ ៥ឆ្នាំ រស់នៅភូមិតាសោម ឃុំសំរោង។
លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានបន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់នេះ គឺធ្លាប់ធ្វើសកម្មភាពឆក់កាបូប ទូរស័ព្ទពីពលរដ្ឋសម្រេចបានចំនួន ០៤លើកកន្លងមកហើយ។
បច្ចុប្បន្ននេះ កម្លាំងជំនាញកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖សុខាសែនជ័យ