ភ្នំពេញ ៖ ក្រពេញទីរ៉ូអ៊ីត មានទីតាំងនៅខាងមុខបំពង់ក ហើយដូចក្រពេញដទៃទៀតដែរ មានមុខងារផលិតអ័រម៉ូន។ ធម្មតាក្រពេញទីរ៉ូអ៊ីត មានភាពស្មើរសាច់។ គេអាចដឹងថាក្រពេញទីរ៉ូអ៊ីត មានភាពស្មើរសាច់ រឺអត់ តាមរយៈការពិនិត្យរាងកាយ-ស្ទាប (Physical Examination-Palpation) ហើយរឹតតែច្បាស់គឺការពិនិត្យអេកូសាស្ត្រ (Echography)។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។
ដុំក្នុងក្រពេញទីរ៉ូអ៊ីត អាចជាដុំមហារីកក្រពេញទីរ៉ូអ៊ីត។ ទោះបីមានអត្រាតិចតួចយ៉ាងណាក្តី ក៏ត្រូវមានការប្រុងប្រយ័ត្នដែរ។ ម្យ៉ាងទៀតចំពោះមហារីកក្រពេញទីរ៉ូអ៊ីត បើដឹងទាន់ពេលវេលាភាគច្រើនលើសលប់គឺអាចជួយសង្គ្រោះបាន។
តើធ្វើម្តេចទើបដឹង?
មើលឈាមមិនអាចដឹងទេ! វិធីសាមញ្ញបំផុតគឺ យកម្ជុលតូចឆ្មាល់ ត្បាល់យកសាច់ដុំក្នុងក្រពេញទីរ៉ូអ៊ីតទៅវិភាគ។ វិធីនេះមិនមានផលរំខានអ្វីទេ។
ពេលណាយកម្ជុលតូចឆ្មាល់ ត្បាល់យកសាច់ដុំក្នុងក្រពេញទីរ៉ូអ៊ីតទៅវិភាគ?
ពេលវេជ្ជបណ្ឌិតស្ទាបប៉ះ រឺ ពិនិត្យអេកូឃើញ។ តែមិនមែនអោយតែមានដុំត្រូវត្បាល់យកសាច់ទៅមើលនោះទេ! មានពីរចំណុចដែលត្រូវពិចារណា ហើយមិនអាចខ្វះចំណុចមួយណាបានទេ៖
– ទំហុំ រូបរាង លក្ខណៈអេកូសាស្ត្រ របស់ដុំ
– ពិនិត្យឈាមមើលមុខងារ របស់ផលិតអ័រម៉ូន របស់ក្រពេញទីរ៉ូអ៊ីត (យើងត្រូវចងចាំថា វេជ្ជបណ្ឌិតមិនអាចត្បាល់ រឺ ច្បិចសាច់ក្រពេញណាមួយ ដោយមិនបានដឹងពីមុខងារ បញ្ចេញអ័រម៉ូនរបស់ក្រពេញនោះទេ)៕
ដោយ ៖ សហការី