សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា តាមទិន្នន័យដែលបញ្ចេញដោយអង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធនេះបានបង្ហាញថា ឥណ្ឌាកំពុងឆ្ពោះទៅក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់ នៅលើពិភពលោក ដោយនឹងលើសប្រជាជនរបស់ចិនក្នុងចំនួនជិត៣លាននាក់នៅពាក់កណ្តាលឆ្នាំនេះ។
ទិន្នន័យរបស់ UN បានធ្វើការប៉ាន់ប្រមាណថា ចំនួនប្រជាជនឥណ្ឌានឹងកើនដល់១.៤២៨៦ពាន់លាននាក់ ធៀបនឹងប្រជាជនចិនចំនួន ១.៤២៥៧ពាន់លាននាក់។ រីឯប្រទេសដែលមានចំនួនប្រជាជនជាប់ចំណាត់ថ្នាក់លេខ៣ ប៉ុន្តែតិចជាងចិននិងឥណ្ឌាយ៉ាងឆ្ងាយនោះ គឺសហរដ្ឋអាមេរិក ដែលនឹងមានប្រជាជនកើនដល់៣៤០លាននាក់។ UN បានគូសបញ្ជាក់ថា ទិន្នន័យខាងលើគឺឆ្លុះបញ្ចាំងព័ត៌មានដែលប្រមូលបានគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣។
របាយការណ៍របស់ UN មិនបានកំណត់ពេលវេលាជាក់លាក់ ដែលចំនួនប្រជាជនឥណ្ឌា នឹងចាប់ផ្តើមកើនលើសចំនួនប្រជាជនចិននោះទេ ប៉ុន្តែកន្លងមក ក្រុមអ្នកជំនាញផ្នែកប្រជាសាស្រ្ត ដែលប្រើប្រាស់ទិន្នន័យពីមុនមករបស់ UN ធ្លាប់បានព្យាករថា ឥណ្ឌានឹងចាប់ផ្តើមមានប្រជាជនលើសចិនក្នុងខែមេសានេះ។
ស្របពេលដែលឥណ្ឌានិងចិន នឹងទទួលបន្ទុកជាង១ភាគ៣ នៃចំនួនប្រជាជនសរុបនៅលើពិភពលោក គឺ៨.០៤៥ពាន់លាននាក់នោះ អត្រាកំណើនប្រជាជននៅក្នុងប្រទេសមហាយក្សអាស៉ីទាំងពីរ គឺបាននិងកំពុងកាន់តែយឺតទៅៗ ជាពិសេសនៅក្នុងប្រទេសចិន។ កាលពីឆ្នាំ២០២២ ចំនួនប្រជាជនចិនបានថយចុះជាលើកដំបូងក្នុងរយៈពេល៦ទសវត្សរ៍ ខណៈអត្រាកំណើនប្រជាជនប្រចាំឆ្នាំរបស់ឥណ្ឌាជាមធ្យមស្ថិតនៅកម្រិត១.២ភាគរយ ចាប់តាំងពីឆ្នាំ២០១១មក ធៀបនឹង១.៧ភាគរយ អំឡុងរយៈពេល១០ឆ្នាំមុននោះ៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters