ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ២៣នាក់ និងស្រាល ១៣នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី១៩ ខែមេសា បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៤០នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៣លើក មាន កត្តាល្បឿន ៥លើក មិនគោរពសិទ្ធិ ៤លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក កត្តាយាន ១លើក និងងងុយ ១លើក។
សូមជម្រាបជូនថា នៅថ្ងៃដដែលនេះ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ បានរកឃេីញយានយន្តល្មើសសរុបចំនួន ៤៩គ្រឿង និងម៉ូតូចំនួន ៤៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាប្រុងប្រយ័ត្នចំពោះការបេីកបរ ដេីម្បីជៀសវាងនូវបញ្ហាគ្រោះចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ៕ ដោយ៖សហការី
រូបភាព៖ ឯកសារ