ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការពង្រឹងសមត្ថភាពវិស័យសុខាភិបាល គឺជាកត្តាចាំបាច់ខ្លាំងណាស់ ដើម្បីកសាង និងធ្វើម៉េចឱ្យប្រជាពលរដ្ឋទទួលសេវាសុខភាព ក្នុងនោះមានការបង្កើនការព្យាបាលស្រ្ដី និងកុមារ។
សម្តេចតេជោ ថ្លែងថា ទោះកម្ពុជា ក្នុង២០២០-២០២១ កំពុងរងគ្រោះដោយវិបត្តិកូវីដ-១៩យ៉ាងធ្ងន់ធ្ងរម្តេចក្តី តែកម្ពុជាមិនបញ្ឈប់ដំណើរការ នៃការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធនោះទេ ក្នុងនោះរួមមាន៖ ផ្លូវជាច្រើនខ្សែនៅព្រះសីហនុ, សៀមរាប និងអគារមន្ទីរពេទ្យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរាប់មិនអស់។
សម្តេចតេជោ ប្រកាសអបអរសាទរ ដែលកម្ពុជាបានដំណើរការ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រកបដោយជោគជ័យ និងសប្បាយរីករាយ ព្រមទាំងជូនពរដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសប្រកបសុខភាពល្អ និងរីកចម្រើន។
សម្ដេចតេជោ បានរម្លឹកថា កាលពី៤៨ ឆ្នាំមុន ប្រជាពលរដ្ឋកំពុងតែឃ្លាតចាកឆ្ងាយចេញពីគ្រួសារពីរាជធានីភ្នំពេញ ដោយសារតែសង្រ្គាម ប៉ុន្ដែ៤៨ឆ្នាំក្រោយនេះ ប្រជាពលរដ្ឋកំពុងតែរីករាយជាមួយសន្ដិភាព សប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី រហូតដល់ជាង ១៣ លាននាក់នៅទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រវត្តិជូរចត់ ស្រក់ទឹកភ្នែក នៃការទទួលមរណភាពកូនច្បងរបស់សម្តេចក្នុងរបបប៉ុលពត ដោយគ្រូពេទ្យមានការធ្វេសប្រហែសបានធ្វើឱ្យធ្លាក់កូនរបស់សម្ដេចទើបសម្រាលពីដៃ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីគ្រាដ៏លំបាក ដែលកម្ពុជារងគ្រោះដោយវិបត្តិកូវីដ-១៩ ដែលកាលណោះវិធានការជាច្រើនត្រូវបានដាក់ចេញ ក្នុងនោះក៏មានត្រៀមក្តារមឈូស, មេន ផងដែរ ដែលកាលណោះមានការរិះគន់ វាយប្រហារ ពីក្រុមអគតិមួយក្តាប់តូចនៅក្រៅប្រទេស។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅស្រុកកំណើត នាពេលចូលឆ្នាំប្រៃណីជាតិខ្មែរ និងដើម្បីកុំឱ្យក្រុមរថយន្តក្រុងមួយចំនួនរកស៊ី ឆ្លៀតឱកាសកេងចំណេញពីប្រជាពលរដ្ឋ សម្ដេចអនុញ្ញាតដាក់ឱ្យមានការផ្ដល់រថយន្តក្រុងដឹកពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសពិធីនេះ។
សម្ដេចតេជោ បានប្រកាសថ្លែងអំណរគុណដល់អភិបាលរាជធានីភ្នំពេញ ដែលបានផ្ដល់រថយន្តក្រុងដឹកពលរដ្ឋជាង៥ម៉ឺននាក់ ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
សម្ដេចតេជោ ថ្លែងថា អំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការតឹងរឹងជាច្រើន ដើម្បីការពារឱ្យបាននូវអាយុជីវិតរបស់ប្រជាពលរដ្ឋ ពីព្រោះសម្ដេចមានភារកិច្ចការពារប្រជាជន ដូចជាឪពុក-ម្ដាយ ការពារកូនដូច្នោះដែរ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា អំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការតឹងរឹងជាច្រើន ដើម្បីការពារឱ្យបាននូវអាយុជីវិតរបស់ប្រជាពលរដ្ឋ ពីព្រោះសម្ដេចមានភារកិច្ចការពារប្រជាជន ដូចជាឪពុក-ម្ដាយ ការពារកូនដូច្នោះដែរ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កាតព្វកិច្ចសម្រាប់ពាក់ម៉ាស់ និងធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ត្រូវបានដកចេញកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក៏ប៉ុន្ដែបើប្រជាពលរដ្ឋយល់ថា មិនស្រួលខ្លួនអាចប៉ះពាល់ដល់អ្នកដទៃ គឺអាចពាក់ម៉ាស់បាន។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា ប្រសិនបើជាប្រជាពលរដ្ឋ និងសាធារណជនចង់ទទួលបានព័ត៌មានបានលឿន រហ័ស គឺចុចចូល Channel តេឡេក្រាមរបស់សម្ដេចផ្ទាល់ ដែលបច្ចុប្បន្ននេះមានអ្នកចុចចូលក្នុងChannelសម្ដេចមានជិត ៧០ម៉ឺននាក់រួចទៅហើយ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីវីរភាពរបស់កងទ័ពការពារបូរណភាពទឹកដី និងក្រុមគ្រូពេទ្យការពារ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីជាតិ និងប្រជាជន និងអំពាវនាវសូមកុំឱ្យមានការរិះគន់ វាយប្រហារចំពោះកំហុសតិចតួចរបស់គ្រូពេទ្យ៕
ដោយ៖ សហការី