ភ្នំពេញ៖ មុននេះតារាចម្រៀងរ៉េបនិងជាអ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសលោក នេត្រ ចន្ទតារាវីដ ហៅ Vid Cooler បានបញ្ចេញសា្នដៃផលិតបទចម្រៀងបែបClassic Hip Hop មួយគឺបទ”ពហុកីឡដ្ឋានជាតិមរតកតេជោ”។ បទនេះបាននិងកំពុងតែធ្វើឱ្យគេគ្រប់គ្នាចាប់អារម្មណ៍។ ចាប់អារម្មណ៍ក៏ព្រោះតែជាបទចម្រៀងថ្មីពីរោះប្លែក និងឆ្លុះបញ្ចាំងអំពីតថភាពនៃការរីកចម្រើនរបស់កម្ពុជា ពិសេសសំណង់ដ៏ស្កឹមស្កៃនៃពហុកីឡដ្ឋានជាតិមរតកតេជោនោះតែម្តង។ អ្វីដែលទាញអារម្មណ៍ឱ្យគេចាប់ភ្លឹកនឹងបទចម្រៀងនេះដែរ គឺស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេហ៍លើកទី៣២។ អាចនឹងមិនមិនគួរឱ្យជឿក្រោយពីមានការទម្លាយថា ការផលិតបទចម្រៀងនេះគឺលោកបានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ៧ពាន់ដុល្លារអាមេរិកឯណោះ ព្រោះតែចង់ចូលរួមចំណែកក្នុងការលើកទឹកចិត្តកីឡាករនិងអបអរកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍មួយនេះ។ ក្នុងជំនួបផ្ទាល់មុននេះលោក វីដខូលើបានទទួលស្គាល់ថាលោកពិតជាបានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការផលិតបទចម្រៀងនេះ ដោយចំណាយពេលប្រមាណ៤ខែដើម្បីផលិតបទចម្រៀងនេះ។ លោកបានលើកបញ្ជាក់ពីដើមចមនៃការផលិតបទចម្រៀងនេះថា ប៉ុន្មានខែមុនដែលលោកបានចេញទៅច្រៀងនៅទូរទស្សន៍PNNលោកបានឃើញសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ” ហើយក្នុងទឹកចិត្តជាអ្នកស្នេហាវិស័យកីឡាពិសេសលើកីឡាបាល់ទាត់នោះ លោកក៏ចាប់ផ្តើមមានគំនិតផលិតបទចម្រៀងនេះ ហើយក៏បានចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់ផលិតតែម្តង។ លោកថាបទចម្រៀងនេះត្រូវបានធ្វើយ៉ាងសម្រិតសម្រាំងដើម្បីឱ្យប្រាកដថាជាបទចម្រៀងដែលមានគុណភាពនិងបានឆ្លុះបញ្ចាំងពីមោទកភាពដែលកម្ពុជាមានពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយនឹងការលើកទឹកចិត្តកីឡាករកម្ពុជាដោយភ្លេងក៏មានការលាយបញ្ចូលឧបករណ៍តន្ត្រីបុរាណខ្មែរផងដែរ។ លោកថា លោកមិនមែនជាអ្នកមានជីវភាពធូរធារឡើយ ប៉ុន្តែជាទឹកចិត្តដែលលោកស្រលាញ់និងចង់បង្កើតស្នាដៃមួយចេញពីបេះដូងស្របពេលដែលកម្ពុជាបើកទំព័រប្រវត្តិសាស្ត្រថ្មីលើការក្លាយខ្លួនជាម្ចាស់ផ្ទះផងដែរ។ អ្នកនិពន្ធវ័យ៣៤ឆ្នាំរូបនេះបានបញ្ជាក់ដែរថា បទចម្រៀងនេះក៏ធ្លាប់បានលើកយកទៅច្រៀងក្នុងកម្មវិធីទទួលស្វាគមន៍គណៈប្រតិភូកីឡា នៅសណ្ឋាគារសុខាភ្នំពេញកន្លងទៅផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រៅពីជាតារាចម្រៀងរ៉េបប្រចាំផលិតកម្មហង្សមាសលោកវីដ ខូលើក៏ជាអ្នកនិពន្ធ នៅក្នុងផលិតកម្មនេះផងដែរដែលកន្លងទៅលោកធ្លាប់និពន្ធបទចម្រៀងឱ្យតារាចម្រៀងមួយចំនួនដូចជាលោក សូណូ និងលោកឧកញ៉ា ព្រាប សុវត្ថិជាដើម ហើយបទចម្រៀងដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជនរបស់លោកឧកញ៉ាព្រាប សុវត្ថិគឺបទ”អាចក់អាចែម”នោះជាដើម៕
ដោយ ៖ វឌ្ឍនា