ព័ត៌មានទាន់ហេតុការណ៍៖

ការបំពុលបរិយាកាសធ្វើឱ្យពលរដ្ឋថៃដល់ទៅជាង២លាននាក់ចូលមន្ទីរពេទ្យ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃទី២០ខែមេសាបានឱ្យដឹងថា ប្រជាជនសរុបកើនដល់ប្រហែល២.៤លាននាក់ហើយបាននាំគ្នាទៅស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ ក្រោយជួបបញ្ហាសុខភាព ដែលជាប់ពាក់ព័ន្ធទៅនឹងបញ្ហានៃការបំពុលខ្យល់អាកាស គិតចាប់តាំងពីដើមឆ្នាំនេះ ខណៈដែលផ្នែកខ្លះនៃប្រទេសថៃបាននិងកំពុងបន្តគ្របដណ្តប់ដោយផ្សែងនិងអ័ព្ទពោរពេញដោយសារធាតុពុល។
យោងតាមកម្មវិធីតាមដានគុណភាពខ្យល់អន្តរជាតិ IQAir នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រាជធានីបាងកកនិងទីក្រុងឈៀងម៉ៃ (Chiang Mai) នៅភាគខាងជើងប្រទេស ស្ថិតក្នុងចំណោមទីក្រុងដែលរងការបំពុលខ្យល់ខ្លាំងក្លាជាងគេបំផុតនៅលើពិភពលោក។ មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងសុខាភិបាលថៃបានឱ្យដឹងថា ការធ្លាក់ចុះដុនដាបនៃគុណភាពខ្យល់ បានបង្ខំឱ្យមនុស្សសរុប២.៤លាននាក់ហើយត្រូវទៅស្វែងរកការព្យាបាលពីគ្រូពេទ្យ គិតចាប់តាំងពីដើមឆ្នាំ២០២៣ ខណៈដែលក្នុងសប្តាហ៍នេះតែឯងប៉ុណ្ណោះគឺមានអ្នកចូលមន្ទីរពេទ្យដល់ទៅ ១៨៤,៤៦៥នាក់។
បញ្ហាទាក់ទងនឹងផ្លូវដង្ហើម រួមជាមួយបញ្ហារលាកស្បែក ក្រហាយភ្នែកនិងឈឺបំពង់ក គឺសុទ្ធតែស្ថិតក្នុងចំណោមបញ្ហាសុខភាពទូទៅបំផុត ដែលអ្នកជំងឺទាំងនោះបានប្រឈម ដោយសារការបំពុលខ្យល់ក្នុងប្រទេសថៃ។ ខាងអាជ្ញាធរថៃបានណែនាំឱ្យប្រជាជនប្រើប្រាស់ម៉ាស់ N95 ដែលមានគុណភាពខ្ពស់ដើម្បីទប់ទល់ការបំពុល ហើយកុំបើកចំហទ្វារ-បង្អួច ក៏ដូចជាកាត់បន្ថយការចំណាយពេលនៅខាងក្រៅ បើមិនមានភាពចាំបាច់។
យោងតាមក្រុមអ្នកជំនាញ ការបំពុលខ្យល់នៅតាមផ្នែកនៃប្រទេសថៃ គឺជាចម្បងបណ្តាលមកពីផ្សែងកើតចេញពីភ្លើងឆេះព្រៃ និងការដុតកាកសំណល់កសិកម្ម។ ប្រទេសថៃមានប្រជាជនរស់នៅសរុបជាង៧០លាននាក់ ហើយបញ្ហាគុណភាពខ្យល់អាកាសបានក្លាយជាបញ្ហាក្តៅមួយ នៅមុនការបោះឆ្នោតសកលរបស់ប្រទេសអាស៊ានមួយនេះ ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៤ ឧសភាខាងមុខ ខណៈដែលរដ្ឋាភិបាលថៃបច្ចុប្បន្នកំពុងរងការចោទប្រកាន់ថា មិនបានប្រឹងប្រែងគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហានេះ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Bangkok Post)


ចែករំលែក៖