ព័ត៌មានទាន់ហេតុការណ៍៖

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រៀមរួចរាល់ហើយដើម្បីធ្វើតេស្តសាកល្បង នៅពាក់កណ្តាលខែឧសភាខាងមុខនេះ!

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ លោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែង​ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រៀមរួចរាល់ដើម្បីធ្វើតេស្តសាកល្បង (Flight Validation) នៅពាក់កណ្តាលខែឧសភា  ឆ្នាំ២០២៣ខាងមុខនេះ។

ការថ្លែងបែបនេះ​របស់​លោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធាន​គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិ​សៀមរាប-អង្គរ នាឱកាស​លោកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដំណើរការរៀបចំប្រតិបត្តិការ  អាកាសយានដ្ឋាន​អន្តរជាតិសៀមរាបអង្គរ ជាមួយក្រុម​ហ៊ុនរៀបចំប្រតិបត្តិការ ដែលដឹកនាំដោយលោក ZOU YUHUI ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Air investment Cambodia Airport management (YACA)​ នៅព្រឹកថ្ងៃទី២០  ខែមេសា ឆ្នាំ២០២៣។ 

គណៈកម្មការរូបនេះ​ បានលេីកឡេីងបន្ថែមថា​ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣នេះ គម្រោងសាងសង់អាកាស​យានដ្ឋានអន្តរ​ជាតិ​សៀម​រាបអង្គរ សម្រេចបាន៩២% នឹងត្រៀមសម្រាប់ការធ្វើតេស្តសាកល្បង (Flight Validation) នៅពាក់​កណ្តាល​ខែឧសភា  ឆ្នាំ២០២៣នេះ។ ជាមួយគ្នានេះ ដំណើការរៀបចំប្រតិបត្តិការអាកាសយានដ្ឋានក៏សម្រេចបាន ៣៨សកម្មភាព ក្នុងចំណោមសកម្មភាពសរុបចំនួ៧៩ នៃផែនការរៀបចំប្រតិបត្តិការអាកាសយានដ្ឋាន ដែលទទួល​បានការឯកភាពពីរាជរដ្ឋាភិបាល លើការដាក់ឱ្យអនុវត្តផែនការប្រតិបត្តិការ តាមរយៈ សជណ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ បន្ថែមពីនេះ ក្រុមហ៊ុនរៀបចំប្រតិបត្តិការ បានប្តេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សកម្មភាព​ដែលនៅសេសសល់ឱ្យបានទាន់ពេលវេលា ដើម្បីឈានទៅសម្រេច ដាក់ឱ្យដំណើរការជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ ឆាប់ៗនេះ។

លោក តឹករ៉េត សំរេច បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ «ពួកយើងបានឆ្លងកាត់ និងដោះស្រាយនូវការងារជាច្រើន ដើម្បីសម្រេច​លទ្ធផល​នាពេលនេះ ហើយលទ្ធផលទាំងនេះ កើតឡើងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែង​របស់ក្រុមហ៊ុន​អនុវត្តគម្រោង ជាមួយនឹងការជ្រោមជ្រែង ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់»។ 

គួរបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ អនុវត្តន៍ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាមេរិក។ អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជន​ក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់​តំបន់ការពារបេតិកភណ្ឌនោះទេ។ អាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវរត់ប្រវែង ៣៦០០ម៉ែត្រ និងមានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់ជាមួយបច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ៕

ដោយ​៖ សហការី​


ចែករំលែក៖