ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលចេញផ្សាយនៅថ្ងៃសុក្រទី២១ ខែមេសា ឆ្នាំ២០២៣នេះ បង្ហាញថា៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជានាំចេញកៅស៊ូបានជាង ៦,៥ ម៉ឺនតោន ទទួលបានចំណូលជិត ៩០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ មិនទាន់កែច្នៃ ។
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា ក្នុងត្រីមាសទី១នេះ ចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួន ៨៩ ០៧៥ ៨៣៩ដុល្លារ ។ ហើយក្នុងត្រីមាសទី១ឆ្នាំនេះដែរ ជ័រកៅស៊ូមានតម្លៃ ១ ៣៥១ដុល្លារក្នុង១តោន ថយចុះ ១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។ ប្រទេសកម្ពុជា បាននាំចេញកៅស៊ូមិនទាន់កែច្នៃ ទៅទីផ្សារប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហាបុរី និងចិន។
គួរជម្រាបជូនដែរថា កន្លងទៅក្នុងឆ្នាំ២០២២ កម្ពុជា ទទួលបានចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕
ដោយ៖សហការី(រូបភាព៖ ឯកសារ)