ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាជនជាតិថៃម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃ ទី២១ ខែមេសា ឆ្នាំ២០២៣នេះ អនុវត្តតាមនីតិវិធី ក្រោយពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ស្រាវជ្រាវ ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ លើករណីលួចទូរស័ព្ទ នៅចំណុចកាស៊ីណូ GRAND LION ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង០៥ និង០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។
សមត្ថកិច្ចប្រាប់ថាៈតាមដើមបណ្ដឹងឈ្មោះ THONG DONHUB SATIT ហៅឡិក ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ ផុងសាកន សាប់ចាក់ឡឺ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បន្តថា មានជនសង្ស័យជាជនជាតិថៃចំនួន០២នាក់ បានធ្វើសកម្មភាពចូលលួចទូរស័ព្ទនៅក្នុងបន្ទប់ការិយាល័យរបស់ជនរងគ្រោះអស់ចំនួន ១២គ្រឿងនៅចំណុចកាស៊ីណូ GRAND LION ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្ដិការ និងស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ ហើយនាំមកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាព លួចទូរស័ព្ទជនរងគ្រោះពិតប្រាកដមែន។ ផ្អែកតាមចម្លើយសារភាព កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕
ដោយ ៖ វណ្ណា