ព័ត៌មានទាន់ហេតុការណ៍៖

អាណាព្យាបាលទាំងអស់! គួរតែកុំឱ្យកូនតូចៗ​បរិភោគស្ករ​កៅស៊ូ​ ខណៈ​ក្មេង​ស្រី​អាយុ​ ៥ឆ្នាំម្នាក់​ ត្រូវ​បានគ្រូពេទ្យជួយសង្គ្រោះទាន់វេលា

ចែករំលែក៖

ភ្នំពេញ​៖​ អាណាព្យាបាល​គ្រប់​រូប​គួរតែជៀសវាង​ឱ្យកូនតូចៗជាទី​ស្រឡាញ់​របស់ខ្លួន​បរិភោគស្ករកៅស៊ូ​ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ពួកគាត់គ្រប់ពេល។ 

ជាក់ស្ដែង​កាលពី៣ថ្ងៃមុន​ ក្នុងខែមេសា​ ឆ្នាំ​២០២៣ថ្មីៗនេះ​ យោងតាម​ផេកហ្វេសប៊ុកផ្លូវការរបស់​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ​ បានបង្ហោះថា៖​ #សូមមើលថែកូនចៅតូចៗ ឱ្យបានល្អ #ក្មេងៗខ្លះ ចេះតែញ៉ាំរបស់មិនរំលាយអាហារ រាល់ថ្ងៃ ដដែលៗ (ជាទម្លាប់ចំឡែកនិងកម្រកើតមាន និងច្រើនកើតមានលើក្មេងស្រី) បង្កើតបានជាដុំរឹងស្ទះក្នុងក្រពះឬក្នុងពោះវៀន គេហៅថា “ដុំប៊ីហ្សូអារ” ។ 

មន្ទីរពេទ្យ​គន្ធបុប្ផា​ បានឱ្យដឹងទៀតថា​ #ក្មេងស្រីតូចអាយុ៥ឆ្នាំនេះ ចេះតែលួចញ៉ាំស្ករកៅស៊ូ មិនឱ្យម្តាយដឹងរាប់ខែមកហើយ ព្រោះថាផ្អែមឆ្ងាញ់ ដោយម្តាយជាអ្នកលក់ចាប់ហ៊ួយ​ និងស្ករកៅស៊ូនោះផង #ដុំស្ករកៅស៊ូ ដែលនាងលេបចូល បន្តិចម្តងៗ ជាច្រើនខែឆ្នាំ បង្កើតបានជាដុំកៅស៊ូមួយយ៉ាងធំស្ទើរប៉ុនទំហំក្រពះ ធ្វើឱ្យស្ទះក្រពះនិងពោះវៀន #នាងត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផា ជួយសង្រ្គោះជីវិត ដោយឆ្លុះថតក្រពះ និងទីបំផុតត្រូវវះកាត់ក្រពះពោះវៀន ដល់ទៅ២លើក ទើបយកដុំស្ករកៅស៊ូនោះបាន #អរគុណគន្ធបុប្ផា #រាល់ការព្យាបាល ទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង #អរគុណមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា #អរគុណចំពោះសប្បុរសជនគ្រប់ៗរូប ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។ 

សូមជម្រាបដែរថា​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​២១​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ​ ក៏បានឱ្យដឹងដែរថា​៖​ ព័ត៌មានពិតនៃតួលេខអ្នកជំងឺនៅមន្ទីរពេទ្យគន្ទបុប្ផាភ្នំពេញនិងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងត្រីមាសទីមួយឆ្នាំ ២០២៣នេះ​ កុមារដែលមានជំងឺចំនួន២០១ ១១៤នាក់ ត្រូវបានពិគ្រោះនិងពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ (កើន៦៨% ធៀបនឹងឆ្នាំ២០២២)​ ។ ក្នុងនោះ​កុមារដែលមានជំងឺធ្ងន់ធ្ងរចំនួន៣២ ៣៤៩នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (កើន៧៤%ធៀបនឹងឆ្នាំ២០២២)​ ,កុមារចំនួន៥ ៩៨៨នាក់ ត្រូវបានទទួលការវះកាត់,​ កុមារចំនួន២២៧នាក់ ត្រូវបានព្យាបាលវះកាត់ជំងឺបេះដូងពីកំណើត​ ,ស្ត្រីមានផ្ទៃពោះចំនួន២៤ ៨១៣នាក់ បានទទួលការពិនិត្យផ្ទៃពោះនិងព្យាបាលនៅផ្នែកពីគ្រោះជំងឺក្រៅនៃមន្ទីរសម្ភពក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងមានស្ត្រីឆ្លងទន្លេចំនួន៤ ៩៨៩នាក់។ 

មន្ទីរពេទ្យ​គន្ធបុប្ផា​ អរគុណដល់បុគ្គលិកកម្ពុជាទាំងពីរពាន់ ២៥០០ នាក់​ ដែលបានបំពេញការងារយ៉ាងនឿយហត់ប្រកបដោយវិជ្ជាជីវៈទាំងយប់ថ្ងៃ​ #អរគុណមូលនិធិគន្ធិបុប្ផាកម្ពុជា និងមូលនិធិពន្ធបុប្ផាស្វីស #អរគុណរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា #អរគុណអស់ពីដួងចិត្តចំពោះការគាំទ្ររបស់សប្បុរសជនគ្រប់លំដាប់ថ្នាក់៕

ដោយ​៖សហការី​


ចែករំលែក៖