ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោមអញ្ជើញជាធិបតីសន្និបាតគណបក្សខេត្តបាត់ដំបង,ផ្សព្វផ្សាយរបាយការណ៍ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ និងបង្ហាញបេក្ខជនឈរឈ្មោះតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាធិបតីក្នុងសន្និបាតគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយអំពីរបាយការណ៍ សភាពការណ៍ទូទៅការងារគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តបាត់ដំបង។

នាឱកាសនោះលោកសុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានថ្លែងសុន្ទរកថាស្វាគមន៍ របាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ លទ្ធផលការងារ ទិសដៅការងារឆ្នាំ២០២៣ ពិសេសសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ជូនសម្ដេចក្រឡាហោម គណៈអធិបតី និងអង្គសន្និបាត។

ចំពោះបញ្ជីបេក្ខជនតំណាងរាស្រ្តមណ្ឌលបាត់ដំបងសម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ បានអានជូនអង្គសន្និបាតថា បេក្ខជនពេញសិទ្ធិទាំង៨រូប រួមមាន សម្ដេចក្រឡាហោម ស ខេង,លោក ងិន ឃន,លោកឡោក ហួរ,លោកអង្គវង្ស វឌ្ឍានា,លោកឈាង វុន, លោកកើត រិទ្ធ,លោកសក់ សេដ្ឋា និងលោកច័ន្ទ សុផល។ ចំណែកបេក្ខជនបម្រុងវិញ ក៏មាន៨រូបដែរ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមថ្នាក់ដឹកនាំគណបក្ស បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ដែលបានខិតខំបំពេញភារកិច្ចថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ពិសេសថ្មីៗនេះ បានដឹកនាំ និងជួយគាំទ្រយ៉ាងសកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំថ្មីដើម្បីផ្ដល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។

ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរ គុណថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្ស ព្រមទាំងក្រុមការងារគណបក្សគ្រប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចតាមទិសដៅដែលគណបល្សបានដាក់ចេញកន្លងមក និងការខិតខំប្រឹងប្រែងជាច្រើនទៀតក្នុងដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ខាងមុខ។

សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនទៅកាន់អង្គសន្និបាត ដូចជាការថែរក្សាសុខសន្តិភាព ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការអនុវត្តកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ការជួយសង្គ្រោះពលរដ្ឋរងគ្រោះធម្មជាតិ ការប្រមូលសំណើរ សំណូមពរ មតិយោបល់ និងកង្វល់ពលរដ្ឋ និងអនុសាសន៍មួយចំនួនទៀតពាក់ព័ន្ធនឹងការងារគណបក្ស ៕

ដោយ៖ សូរិយា

 

 


ចែករំលែក៖