ភ្នំពេញ ៖ មនុស្សជាច្រើនតែងតែគិតថា គាត់មានជំងឺឫសដូងបាតនៅពេលដែលគាត់មានរោគសញ្ញាផ្សេងៗនៅម្ដុំបាត(ម្ដុំទ្វារលាមក) ក៏ប៉ុន្តែមានជំងឺផ្សេងៗជាច្រើននៅតំបន់នេះ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ។
ក) បូសអន្ទង់ជាអ្វី?
វាគឺជាបូសកើតនៅម្ដុំទ្វារលាមក ដែលកើតឡើងដោយការស៊ីចាក់រូងពីក្នុងរន្ធបាតចេញមកខាងក្រៅ។ ជំងឺនេះកើតមានជាទូទៅចំពោះមនុស្សពេញវ័យ ក៏ប៉ុន្តែវាក៏អាចកើតមានលើក្មេងតូចៗផងដែរ។
ខ) រោគសញ្ញាបូសអន្ទង់៖
– មានដុំពកហើមនិងឈឺនៅតំបន់បាតដែលទើបតែកើតមានថ្មីៗ
– ឈឺចាប់នៅខាងក្នុងបាតដែលទើបតែកើតមានថ្មីៗ
– មានហូរខ្ទុះនៅបាត
– មានអារម្មណ៍ថាសើមជាប់ជាប្រចាំនៅបាត
– រមាស់នៅបាត
គ) មូលហេតុ៖
ជាធម្មតានៅខាងក្នុងរន្ធបាតរបស់មនុស្សគ្រប់គ្នា គឺមានក្រពេញធម្មជាតិតូចៗជាច្រើន។ គេសន្និដ្ឋានថាជំងឺបូសអន្ទង់បណ្ដាលមកពីការស្ទះរន្ធនៃក្រពេញតូចៗទាំងនេះ ដែលបង្ករឲ្យមានខ្ទុះស៊ីចាក់រូងចេញមកខាងក្រៅ។
ឃ) វិធីព្យាបាល៖
ការព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាពគឺការវះកាត់។ ការវះបូសអន្ទង់មានពីប្រភេទ គឺការវះបង្ហូរខ្ទុះបន្ធូរបន្ថយការឈឺចាប់ និងការវះឲ្យជាសះស្បើយ។ ជំងឺនេះមិនមានវិធីផ្សេងៗសម្រាប់ព្យាបាលឲ្យជាសះស្បើយទេ ក្រៅពីការវះកាត់។
– ការវះបង្ហូរខ្ទុះបន្ធូរបន្ថយការឈឺចាប់៖
ការវះនេះធ្វើនៅពេលដែលបូសកំពុងតែហើមនិងឈឺ។ យើងគ្រាន់តែចាក់ថ្នាំស្ពឹកវះផ្នែកខាងក្រៅនិងវះបង្ហូរខ្ទុះចេញ ក៏ប៉ុន្តែវាមិនមែនជាវិធីព្យាបាលឲ្យជាសះស្បើយនោះទេ វាគ្រាន់តែជាការវះបន្ធូរបន្ថយការឈឺចាប់ប៉ុណ្ណោះ។ បូសនេះនឹងលាប់មកវិញ ប្រសិនបើមិនធ្វើការវះផ្ដាច់ផ្លូវរូងរបស់វាទេ។
– ការវះកាត់ផ្ដាច់ផ្លូវរូងបូសអន្ទង់៖
នេះជាវិធីតែមួយគត់ព្យាបាលឲ្យជាសះស្បើយ និងមិនលាប់ឡើងវិញ។ ការវះនេះខុសពីការវះខាងក្រៅបង្ហូរខ្ទុះចេញ គឺត្រូវវះកាត់ផ្ដាច់ផ្លូវរូង និងប្រភពដើមនៃបូសដែលស្ថិតនៅខាងក្នុងរន្ធបាត។ ការវះអាចនឹងត្រូវធ្វើឡើង២ឬ៣ដង ប្រសិនបើបូសនោះស៊ីរូងប៉ះពាល់សាច់ដុះបាតធ្ងន់ធ្ងរ។
– វិធីវះ ត្រូវធ្វើនៅក្នុងបន្ទប់វះកាត់ ប្រើថ្នាំឲ្យស្ពឹកត្រឹមចង្កេះចុះក្រោម និងវះដោយគ្មានការឈឺចាប់។ ប្រសិនបើបូសនោះស៊ីរូងប៉ះពាល់សាច់ដុះបាតធ្ងន់ធ្ងរ យើងត្រូវវះផ្ដាច់សាច់ដុះបាតខ្លះ និងទុកខ្លះ និងរងចាំរហូតរបួសលើកទីមួយជាសះសិន ទើបធ្វើការវះម្ដង ឬពីរដងទៀតឲ្យអស់តែម្ដង។ ពីព្រោះប្រសិនបើកាត់ផ្ដាច់សាច់ដុះបាតច្រើនពេក អ្នកជំងឺនឹងមានផលវិបាកទាក់ទងនឹងការទប់លាមកនៅពេលក្រោយ។ បន្ទាប់ពីវះកាត់តម្រូវឲ្យសម្រាកតាមដាននៅមន្ទីពេទ្យតែ១ថ្ងៃប៉ុណ្ណោះ រួចត្រឡប់ទៅផ្ទះវិញនឹងធ្វើការងារផ្សេងៗបានជាធម្មតា។
ង) ផលវិបាកនៃបូសអន្ទង់៖
– គ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត៖
ក្នុងករណីដែលបូសកំពុងតែហើមឈឺ ហើយមិនបានវះបង្ហូរខ្ទុះចេញ លេបថ្នាំអូសបន្លាយពេលវេលា បូសនោះអាចរាលដាលធំបង្កឲ្យស្លោកពេញតំបន់បាត (Gangrène de Fournier) និងឆ្លងមេរោគចូលក្នុងឈាមដែលអាចបណ្ដាលឲ្យស្លាប់បាន។ ករណីនេះងាយនឹងកើតមានជាពិសេសចំពោះមនុស្សដែលខ្សោយប្រព័ន្ធការពារដូចជា មនុស្សចាស់ជរា អ្នកជំងឺទឹកនោមផ្អែម ។ល។
– លាប់សារចុះសារឡើងប្រសិនបើមិនវះកាត់ផ្ដាច់ផ្លូវរូងនិងប្រភពដើមនៃបូសដែលស្ថិតនៅខាងក្នុងរន្ធបាត។
– ផលរំខានដែលបណ្ដាលមកពីការឈឺចាប់ ការរមាស់ និងការហូរខ្ទុះជាប្រចាំ។
“ប្រសិនបើលោកអ្នកមានបញ្ហា ឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។”
ដោយ ៖ សហការី