ភ្នំពេញ ៖ ឧកញ៉ា ជា សារ៉ន និងបក្ខពួក៨នាក់ទៀតត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះ សូម្បីតែលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពតក៏បង្ហោះលើ facebook ផ្លូវការរបស់លោកនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ថា ( សូមបងប្អូនស្ងប់ចិត្តនិងកុំបារម្ភ សូមជឿទុកចិត្តលើ ឯកឧត្តមអភិបាលខេត្ត រួមទាំងស្ថាប័នច្បាប់ ដែលមានឯកឧត្តមព្រះរាជអាជ្ញានិង ឯកឧត្តមប្រធានសាលាដំបូងខេត្តនឹងរកយុត្តិធម៌ជូនបងប្អូនចំពោះក្រុមវិនិយោគលើទឹកភ្នែកបងប្អូនប្រជាពលរដ្ឋ ។ )
សូមជម្រាបថា បញ្ហាអាចមន្ត្រីនគរបាលយុត្តិធម៌កំពុងធ្វើកំណត់ហេតុ ស្តាប់ចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនក្រុមជនសង្ស័យទៅតុលាការតាមនីតិវិធី។
សូមរំលឹកថា ឧកញ៉ា ជា សារ៉ន មានផែនការបោកខ្ពស់ ធ្វើបាបអ្នកក្រ គឺទិញដីឡូត៍បានប្រាក់ចំណេញ ១ឡូត៍៥មx២០ម ប្រើដើមទុនទិញនិងអភិវឌ្ឍន៍មិនអស់៤,០០០ដុល្លារផងលក់ឱ្យពលរដ្ឋ១២,០០០ដុល្លារ រួចសន្យាជួយបង់ធនាគារឱ្យអ្នកទិញនិងផ្តល់ផលលាភ៧០%ទៅ១០០%។
-ណែនាំអ្នកទិញដីឡូត៍ឱ្យដាក់ទុនវិនិយោគដើម្បីដោះបំណុលផ្តាច់ការទទួលខុសត្រូវដែលបានសន្យាក្នុងជំហានទី១ ព្រោះបើតាមច្បាប់វិនិយោគ បើរកស៊ីខាតៗទាំងអស់គ្នា ចំណេញៗទាំងអស់គ្នា អ៊ីចឹងក្រុមហ៊ុនដួលរលំ អ្នកទិញដីបង់ធនាគារខ្លួនឯង ប្រាក់វិនិយោគក៏អស់។
-ក្រុមហ៊ុនបង្កើតឱ្យមានការរអាក់រអួលយឺតយាវក្នុងការបង់ប្រាក់ធនាគារតាមកិច្ចសន្យា រួចហើយបង្ខំឱ្យអ្នកទិញដីឡូត៍ និងអ្នកដាក់ទុនវិនិយោគកាត់កងដីឡូត៍ ដើម្បីបញ្ចប់បំណុលក្រុមហ៊ុន ព្រោះមិនហត់ដើរលក់ថែមទាំងទទួលបានចំណេញច្រើនរួចហើយ ។
-ផ្តាច់ទឹកចុងក្រោយគឺក្រុមហ៊ុនប្រកាសក្ស័យធនដើម្បីបញ្ចប់បំណុលទាំងអស់របស់ក្រុមហ៊ុន ព្រោះអ្នកទិញដីឡូត៍ និងអ្នកវិនិយោគដែលចូលរួមក៏ត្រូវក្ស័យធនដូចក្រុមហ៊ុនដែរ គ្មានសិទ្ធិទទួលបានអត្ថប្រយោជន៍ ថែមទាំងខាតដើមទៀតផង អ៊ីចឹងគ្មានជម្រើសអ្វីក្រៅពីបង់ធនាគារខ្លួនឯង និងទទួលយកដីទៅតាមទំហំប្រាក់វិនិយោគរៀងៗខ្លួន។
«ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀតធ្វើនំអត់ម្សៅ បងប្អូនប្រជាពលរដ្ឋចំនួន ២,៤៦១គ្រួសារ សរុបទឹកប្រាក់ជិត ៤០លានដុល្លារ មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូត៍របស់លោកឧកញ៉ា ជា សារ៉ន» កំពត /២២/០៤/២០២៣/។
មានប្រជាពលរដ្ឋជាច្រើនដែលគ្មានលទ្ធភាព គ្មានចំណូល បែរជាក្រុមឧកញ៉ា ជា សារ៉ន ប្រើប្រាស់កលល្បិចអូសទាញបានរាប់ពាន់គ្រួសារ សុទ្ធតែជាប្រជាពលរដ្ឋគ្មានចំណូល ហេតុអ្វីក៏ខាងធនាគារហ៊ានឱ្យខ្ចីប្រាក់ ដើម្បីយកប្រាក់ទាំងនោះមកវិនិយោគជាមួយក្រុមហ៊ុនជា សារ៉ន ? ចំណុចនេះជាបញ្ហាចោទ ស្មើនឹងក្រុមហ៊ុន ជា សារ៉ន អាចបង្កើតល្បិចរកស៊ីនេះជាលក្ខណៈប្រព័ន្ធជាមួយធនាគារ ។
ជាក់ស្តែង ឈ្មោះ សែន ក្រាន់ និងប្រពន្ធឈ្មោះ ម៉ាក់ មុំ នៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានខ្ចីលុយធនាគារBNKC 6.500$ និងធនាគារវិវឌ្ឍន៍ 5.000$ យកទៅវិនិយោគជាមួយក្រុមហ៊ុនជាសារ៉ន11.500$ , សួរថាគាត់គ្មានចំណូល ហេតុអ្វីក៏ធនាគារឱ្យខ្ចី ?
លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានសួរទៅកាន់ អ្នកមានលុយ (អាចខាងធនាគារ) ថា, ក្រុមអស់លោកមានលុយ ក្រុមអស់លោកវិនិយោគពុះដីឡូត៍លក់ ហើយលក់ឱ្យប្រជាពលរដ្ឋក្រីក្រ តើមានបានគិតទេថា ពួកគាត់មានលទ្ធភាពសងយើងបានឬក៏អត់ ? លោកអភិបាលខេត្តបានបន្តថា ហេតុអ្វីប្រជាពលរដ្ឋស្ទើរគ្រប់គ្នាគាត់គ្មានចំណូល គាត់គ្មានការងារធ្វើ ហេតុអីក៏អនុញ្ញាតឱ្យគាត់ខ្ចីដល់រាប់ពាន់ ម៉ឺនដុល្លារ ?
នៅចំពោះវេទិកាដំណោះស្រាយ អ៊ំស្រីម្នាក់បានឡើងឆ្លើយចំពោះមុខអភិបាលខេត្ត ដោយបញ្ជាក់ថា បើប្រជាពលរដ្ឋយកលុយទៅទិញដីវិនិយោគជាមួយក្រុមហ៊ុនជា សារ៉ន ទោះជាបញ្ជាក់ថាអត់មានចំណូលក៏ដោយ ក៏ខាងធនាគារឱ្យខ្ចីដែរ ។គាត់បន្តថា ខាងធនាគារសួរថាខ្ចីប៉ុន្មាន? គាត់ប្រាប់ថាខ្ចីមួយម៉ឺនដុល្លារ , ប៉ុន្តែខាងធនាគារបែរប្រាប់មកគាត់វិញថា, ខ្ចីមួយម៉ឺន 15.000 ដុល្លារទៅ ។
ដូច្នេះបន្ទាប់ពីនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ សាកសួរទៅលើឧកញ៉ា ជា សារ៉ន និងបក្សពួក សមត្ថកិច្ចក៏បន្តបើកការស៊ើបអង្កេតជុំវិញធនាគារដែលឱ្យប្រជាពលរដ្ឋខ្ចីលុយ ហើយទាំងប្រជាពលរដ្ឋគ្មានចំណូល ពួកគេមានចេតនាទុច្ចរិត ឃុបឃិតជាលក្ខណៈប្រព័ន្ធ ជាមួយក្រុមហ៊ុន ជា សារ៉ន មែនឬអត់ ?៕
ដោយ ៖ សិលា