ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ស្រុកសាលាក្រៅបានឱ្យដឹងថា កាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនឹងម៉ូតូ(បើកបរបញ្រ្ចាសទិសគ្នា) នៅចំណុចមុខផ្លូវបេតុងបត់ចូលសាលាប្រ៊ិច ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យបុរស២នាក់រងរបួស ធ្ងន់ម្នាក់និងស្រាលម្នាក់ និងខូចខាតម៉ូតូ ចំនួន០១គ្រឿង(កម្រិតស្រាល)។
ភាគីរថយន្ត ឈ្មោះ ពេជ្រ ជីវន្ត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបររថយន្តម៉ាកកាមរីគូទស្វិត ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1B-7659 (គ្មានរបួស)។
ចំណែកភាគីម៉ូតូ ឈ្មោះ ជ័យ សុគា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1U-2806 (របួសធ្ងន់)។ អ្នករួមដំណើរឈ្មោះ លាវ លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសស្រាល)។
សមត្តកិច្ចនគរបាលចរាចរណ៍បានបន្តថា មូលហេតុបណ្តាលមកពីកត្តាមនុស្សបើកបរដោយខ្វះការប្រុងប្រយ័ត្ននិងស្ថិតក្នុងស្ថានភាពស្រវឹង គ្មានមួកការពារសុវត្ថិភាព។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រោ្គះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាងត្រូវបានដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ៖ ស សារ៉េត