ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន កុសល ប្តេជ្ញាការពារ «មរតក តេជោ» ក្រោយត្រូវបានព្រះមហាក្សត្រផ្ដល់ តួនាទីជាន់ខ្ពស់នៅក្រសួងដែនដី !

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន កុសល បានរៀបរាប់អារម្មណ៍ដែលបានជួបសម្តេចផ្ទាល់កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ដូច្នេះថា៖ «ក្រោយបានជួបសម្តេចដោយផ្ទាល់ខ្ញុំកើតអារម្មណ៍ថា សម្តេចតេជោមានចរិយាវត្តពោរពេញសេចក្តីសន្តោស និងមេត្តាករុណាយ៉ាងជ្រាលជ្រៅ»។

ក្រោយពីលោក ហ៊ុន កុសល ត្រូវបានតុលាការភ្នំពេញសម្រេចឱ្យនៅក្រៅឃុំ ហើយត្រូវបានព្រះមហាក្សត្រផ្តល់ឋានៈជាអនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោកបានសរសេរសារបង្ហាញអារម្មណ៍របស់ខ្លួននៅក្នុងហ្វេសប៊ុកដែលមានចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

លោកបានសរសេរបន្ថែមថា៖ «ខ្ញុំត្រឹមតែអតីតអ្នកទោសតូចតាចម្នាក់ដែលបានប្រព្រឹត្តល្មើសចំពោះសម្តេចតេជោ ប៉ុន្តែក្រោយចប់ជំនួបដែលមិនអាចវាស់ថ្លៃបានសម្តេចតេជោបានជូនដំណើរពួកយើងរហូតដល់មុខនិវេសនដ្ឋានរបស់សម្តេចតេជោផ្ទាល់។ ចរិយាវត្តនេះបង្ហាញថា សម្តេចជាបុរសដែលមានបេះដូងគ្មានចិត្តព្យាបាទ និងគំនុំយ៉ាងពិតប្រាកដ»។

លោកបន្តថា ដោយសារតែសេចក្តីសន្តោសប្រណីរបស់សម្តេច ទើបប្រជាជនកម្ពុជាតែងតែគោរព និងបន្តផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ដោយប្រសិទ្ធនាមសម្តេចថា «ជាស្ថាបនិកសន្តិភាពសម្រាប់កម្ពុជា»។

លោកនិយាយដូច្នេះថា៖ «សំឡេងដ៏ស្រទន់ និងមានតេជះរបស់សម្តេចពុកពិតជាធ្វើឱ្យវិញ្ញាណរបស់កូនចងចាំនូវប្រសាសន៍ថ្លៃថ្លា និងជាមេរៀនដ៏សំខាន់នៅក្នុងជីវិត។ អ្នកធ្វើរមែងទទួលការនិន្ទាពីអ្នកដែលនិយាយច្រើន និងអ្នកច្រណែនច្រើន។ សម្តេចតេជោ ជាអ្នកធ្វើប្រកបដោយពុះពាររហូតមក ដូច្នេះការនិន្ទាពីអ្នកនិយាយមិនមែនជាឧបសគ្គសម្រាប់អ្នកធ្វើដូចសម្តេចពុកទេ ប៉ុន្តែលទ្ធផលនៃការកសាងប្រទេសជាតិនោះហើយជាមរតកដែលមិនអាចកាត់ថ្លៃបាន។ យើងជាកូនចៅខ្មែរជំនាន់ក្រោយត្រូវតែការពារឱ្យបានដាច់ខាតនូវ «មរតកតេជោ»៕

ដោយ ៖ សហការី


ចែករំលែក៖