ខេត្តបាត់ដំបង ៖ កាលល្ងាចថ្ងៃទី២៤ មេសា ឆ្នាំ២០២៣ នេះ ក្រោយពីសម្លាប់ថៅកែអេតចាយ ម្ដាយនិងកូនស្រីយ៉ាងសាហាវព្រៃផ្សៃនៅក្នុងក្រុងបាត់ដំបង ឃាតកម្នាក់បានរត់គេចអស់រយៈពេល១១ឆ្នាំ ហើយពេលនេះទើប ត្រូវកម្លាំងនគរបាលខេត្តតាកែវចាប់ខ្លួនប្រគល់ឲ្យកម្លាំងស្នងការខេត្តបាត់ដំបងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ ចៅក្រមសាលាដំបូងខេត្តបាត់ដំបង ។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក គឹម រ៉ាវី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងចុះថ្ងៃទី ០៧ មិថុនា ឆ្នាំ២០១៣ ជនត្រូវចោទឈ្មោះ ច្រាញ់ អឿម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ ជននេះត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តធ្វើការចោទប្រកាន់ពីបទ «ឃាតកម្ម» ដែលប្រព្រឹត្តនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង (សម្លាប់ថៅកែអេតចាយ ម្ដាយនិងកូនស្រី)។
នៅយប់កើតហេតុ ជននេះបានធ្វើសកម្មភាពដោយប្រើប្រាស់ កាំបិតអារ.កសម្លាប់ថៅកែរបស់ខ្លួន«ម្ដាយនិងកូនស្រី» នៅក្នុងបន្ទប់ ដែលគេអះអាងថា ផ្ដើមចេញពីរឿងគំនុំ ដោយពុំមានក្រុមគ្រួសារ ឬនរណាម្នាក់ដឹងនិងបានជួយអន្តរាគមន៏ទាន់ពេលឡើយ ។ ក្រោយពេលសម្លាប់ថៅកែរបស់ខ្លួនពីរនាក់ម្ដាយនិងកូនស្រីដេកស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់ទឹក និងបន្ទប់ ដេក ជននេះបានរត់គេចខ្លួនទាំងយប់ភ្លាមៗរហូតមក ។
ពាក់ព័ន្ធនឹងការចាប់ខ្លួនឃាតកម្នាក់នេះ រហូតដល់ខេត្ត តាកែវ បើតាមលោក វ៉ាន់ តារា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបង ដែលទទួលបទបញ្ជាផ្ទាល់ពីលោកស្នងការឲ្យដឹកនាំកម្លាំងជំនាញ ចុះសហការជាមួយសមត្ថកិច្ចខេត្តតាកែវបាននិយាយថា តាមពិតឃាតកឈ្មោះ ច្រាញ់ អឿំម នេះត្រូវ បានកម្លាំងជំនាញ ស្នងការខេត្តតាកែវ ឃាត់ខ្លួនបានតាំងពីថ្ងៃទី២១ មេសា ឆ្នាំ២០២៣ នៅភូមិពង្រ ឃុំខ្វាន់ ស្រុកទ្រាំង ពេលជននេះប្រើអំពើហិង្សាទៅលើឪពុកក្មេក ។
ស្របពេលចាប់ខ្លួននោះ ត្រូវកម្លាំងជំនាញរកឃើញថា ជននេះធ្លាប់ត្រូវកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង ស្វែងរកចាប់ខ្លួនពីបទប្រព្រឹត្តអំពើ ឃាតកម្ម ទើបកម្លាំងជំនាញខេត្តតាកែវ បានទំនាក់ទំនងភ្លាមៗ មកកម្លាំងជំនាញស្នងការខេត្តបាត់ដំបង ហើយចំពេលជននេះមានដីកាចាប់ខ្លួនស្រាប់ផង លោកស្នងការខេត្ត ក៏បានបញ្ជាឲ្យលោកដឹកនាំកម្លាំងជំនាញឡើងទៅសហការជាមួយកម្លាំងស្នងការខេត្តតាកែវ ដើម្បីនាំខ្លួនជននេះយកមកប្រគល់ជូនតុលាការតែម្ដង ។
ជនសង្ស័យ បានសារភាពថា កាលនោះ ខ្លួនពិតជាបានសម្លាប់ថៅកែអេតចាយរបស់ខ្លួនពីរនាក់ម្ដាយនិងកូន ស្រីនោះមែន ។ ប៉ុន្តែជននេះមិនបញ្ជាក់ប្រាប់ពីមូលហេតុទេ តែរៀបរាប់ថា ក្រោយសម្លាប់ថៅកែអេតចាយ ខ្លួនបានព្យាយាមរត់គេចទៅកាន់ប្រទេសថៃ រហូតដល់អំឡុងឆ្នាំ២០២០ចំពេលផ្ទុះជំងឺ «កូវីដ១៩» ទើបខ្លួនលួចត្រឡប់ចូលប្រទេសកំណើតវិញ ។
ឃាតកដៃឆៅម្នាក់នេះបានបញ្ជាក់ដែរថា ពេលត្រឡប់ចូលប្រទេសកំណើតវិញ ខ្លួនមិនបានស្នាក់នៅខេត្ត បាត់ដំបងទេ គឺគេចទៅសម្ងំរស់នៅជាមួយប្រពន្ធនៅឯខេត្តតាកែវ (កន្លែងចាប់ខ្លួន) រហូតមកដល់ថ្ងៃសមត្ថកិច្ចតាមចាប់ខ្លួនបាននៅពេលនេះ ។
សូមរំលឹកថា ស្រ្តីម្នាក់ជាថៅកែអេតចាយនិងកូនស្រី ត្រូវជនសង្ស័យសម្លាប់ក្នុងផ្ទះជនរងគ្រោះផ្ទាល់ នៅចន្លោះម៉ោងជាង៦ទៅ៨ និង៣០នាទីយប់ថ្ងៃទី៤ ធ្នូ ២០១២ ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេចក្រុង,ខេត្ត បាត់ដំបង ។ ស្រ្តីជាថៅកែអេតចាយដែលជនសង្ស័យវាយក្បាលហើយចាក់នឹងកាំបិតចុងស្រួចស្លាប់នោះឈ្មោះឈូ មួយ អាយុ៤៥ឆ្នាំ ។ ចំណែកកូនស្រីត្រូវគេឃើញដេកស្លាប់ក្នុងបន្ទប់ទឹកដោយមានស្នាមរឹត.ក និងជាំពេញបំពង់.កនោះឈ្មោះ តាំង កៀងទៀង អាយុ ១៣ឆ្នាំ ។
មុនពេលកើតហេតុ ជនរងគ្រោះជាម្តាយបានឲ្យចុងភៅយកម៉ូតូជិះឌុបទៅប្រមូលលុយគេនៅខាងក្រៅ ដោយកូនស្រីដែលរងគ្រោះនៅផ្ទះម្នាក់ឯង។ ក្រោយមកម្តាយបានទូរស័ព្ទមករកកូនស្រី ប៉ុន្តែមិនលើកទូរស័ព្ទ ទើបត្រឡប់មកផ្ទះវិញ ដោយដើរចូលទៅក្នុងផ្ទះ ក៏ឮសំរែកពីខាងក្នុងថា ជួយផង ប៉ុន្តែខ្លួនមិនចាប់អារម្មណ៍ ។ មួយ សន្ទុះក្រោយមកទើបដើរចូលទៅក៏ឃើញជនសង្ស័យបិទមុខដៃកាន់កាំបិតមុខស្រួចស្ទុះរត់ចេញ ហើយក៏ឃើញស្រ្តីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម រីឯកូនស្រីដេកស្លាប់ក្នុងបន្ទប់ទឹក ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះជារឿងគំនុំ ព្រោះជនរងគ្រោះមានជម្លោះក្នុងមុខជំនួញ ហើយជនសង្ស័យជាឃាតក គឺបានចូលទៅសម្ងំក្នុងផ្ទះមុន ខណៈជន រងគ្រោះជាម្តាយមិននៅផ្ទះ ក៏ធ្វើសកម្មភាពសម្លាប់កូន ហើយគាប់ជួនម្តាយមកដល់ក៏បន្តវាយក្បាលពីក្រោយនិងចាក់ធ្លុះក្បាលស្លាប់តែម្តង ។ ជនសង្ស័យជាឃាតកមិនអាចគេចផុតពីសំណាញ់សមត្ថកិច្ចនិងច្បាប់បានឡើយ ព្រោះសមត្ថកិច្ចបានកំណត់មុខសញ្ញាអស់ហើយក្នុងសំណុំរឿងឃាតកម្មកណ្តាលក្រុងបាត់ដំបងដ៏ភ្ញាក់ផ្អើលមួយនេះ ៕
ដោយ៖ សូរិយា