ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន និងរំដោះបានសត្វស្វាស្រូវ៩ក្បាល នៅស្រុកកែវសីមាខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ កម្លាំងកងរាជអាវុធហត្ថខេត្ត មណ្ឌលគិរី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ហើយរំដោះបានសត្វស្វាស្រូវជិត១០ក្បាល កាលពីល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ ខណៈដែលជនសង្ស័យធ្វើសកម្មភាពដឹកសត្វនិងជួញដូរសត្វព្រៃខុសច្បាប់។ 

មន្ត្រីកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឱ្យដឹងថា  កម្លាំងកងរាជអាវុធហត្ថស្រុកកែវសីមាចំនួន០៥នាក់ ដឹកនាំដោយលោក ធន់ រឿន មេបញ្ជាការរងស្រុក សហការជាមួយយោធាវរសេនាតូចអន្តរាគមន៍លេខ០១ ខេត្តមណ្ឌលគិរីបានពួនស្ទាក់ចាប់បានជនសង្ស័យម្នាក់ ដែលកំពុងធ្វើសកម្មភាពជួញដូរសត្វព្រៃខុសច្បាប់នៅចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

មន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងទៀតថា ជនសង្ស័យខាងលើ មានឈ្មោះ សន កូប ភេទប្រុស អាយុ៤៦ឆ្មាំ សញ្ជាតិខ្មែរ ទីលំនៅភូមិព្រែកក្ដី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាពណ៌ខៀវលាយទឹកប្រាក់ បន្ទាប់ពីធ្វើការឃាត់ខ្លួនក្នុងនោះសមត្ថកិច្ចបានរកឃើញសត្វស្វាស្រូវចំនួន០៩ក្បាលផងដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖