ភ្នំពេញ៖ ស្ត្រីម្នាក់បាននាំកូនរួមទាំងក្មួយស្រីៗចំនួន៤នាក់មករាវលៀសនៅក្នុងប្រឡាយអូរមួយកន្លែងស្រាប់តែលង់ទឹកស្លាប់២នាក់ជួយសង្គ្រោះបាន២នាក់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោ ខណ្ឌកំបូល។
ក្មេងស្រីរងគ្រោះស្លាប់២នាក់ ទី១ ឈ្មោះ ដា វណ្ណា អាយុ១៣ឆ្នាំ មុខរបរសិស្ស , ទី២ ឈ្មោះ អឿន ស្រីឡាន អាយុ១៤ឆ្នាំ មុខរបរសិស្ស ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅក្នុងភូមិត្រពាំងអារ័ក្ស សង្កាត់ឳឡោក ខណ្ឌកំបូល ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះទាំង៤នាក់ សុទ្ធតែបងប្អូនជីដូនមួយនឹងគ្នា បានទៅរាវលៀសជាមួយជីដូននិងម្តាយនៅតាមមាត់អូរបាក់អង្រុតដែលមានជម្រៅ៤ម៉ែត្រ លុះដល់វេលាម៉ោងខាងលើ ស្រាប់តែមានម្នាក់រអិលផុងជើងទៅកន្លែងទឹកជ្រៅ ទើបនាំគ្នាឈោងជួយចាប់ ស្រាប់តែលង់លិចបាត់២នាក់ ផ្អើលឆោឡោ ពលរដ្ឋក្បែរនោះជួយស្រង់បាន២នាក់ ។
បន្ទាប់ពីលង់លិចបាត់ខ្លួនក្មេងស្រី២នាក់ ប្រជាពលរដ្ឋនាំគ្នាចុះជួយរាវរក ស្រង់បានទាំង២នាក់ជាបន្តបន្ទាប់ តែស្លាប់បាត់ទៅហើយ ។
សពក្មេងស្រីរងគ្រោះទាំង២នាក់ បន្ទាប់ពីសមត្ថកិច្ចពិនិត្យ កោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖សុខាសែនជ័យ