ភ្នំពេញ៖ រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្ត របស់ក្រុមហ៊ុន យ៉ូរ៉ា ហាណេស ខេមបូឌា (Yura Harness Cambodia) បានសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ដែលមានទីតាំងស្ថិតនៅភូមិចំការដូង សង្ការ/ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីវត្តមានរបស់ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ។
នៅក្នុងពិធីនាឱកាសនេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា ទុនវិនិយោគរបស់ក្រុមហ៊ុននេះ មានតម្លៃជាទឹកប្រាក់ចំនួនប្រមាណ ១៥លានដុល្លារអាម៉េរិក ក្នុងការសាងសង់រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិក ដើម្បីផលិតខ្សែភ្លើង ដែលនឹងត្រូវនាំចេញទៅកាន់ប្រទេសកូរ៉េ ដើម្បីដំឡើងនៅក្នុងក្រុមហ៊ុរថយន្ដ Hyundai motor និង Kia motors ដែលនឹងជួយរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ពាណិជ្ជកម្ម រវាងប្រទេសកូរ៉េ និងកម្ពុជា។
លោកមានប្រសាសន៍ទៀតថា នេះគឺជាមោទនភាពយ៉ាងក្រៃលែងសម្រាប់ប្រជាជនក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ក្រោមម្លប់សន្តិភាព ដែលមានថ្នាក់ដឹកនាំប្រទេសដ៏ល្អនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលរោងចក្ររបស់កូរ៉េ លេចជារូបរាងឡើងនៅទឹកដីខេត្តកំពង់ស្ពឺ ដែលនេះពិតជាបានចូលរួមបង្កើតឱកាសការងារ និងកំណើនប្រាក់បៀវត្សរ៍ ដោយការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែសង្វាក់ផលិតកម្មអស្ចារ្យមួយនេះ។
តាមការឲ្យដឹងរបស់លោក អុំ ឌែលយ៉ូល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យ៉ូរ៉ា ហាណេស ខេមបូឌា បានបញ្ជាក់ថា មកដល់ពេលនេះ រោងចក្របើកដំណើរការបានយ៉ាងពេញលេញត្រឹមតែរយៈពេល ៥ខែ បន្ទាប់ពីជ្រើសរើសទីតាំងរួច។ លោកបន្ថែមថា ដោយសារការខិតខំប្រឹងប្រែងដ៏ស្វិតស្វាញរបស់បុគ្គលិក និងការគាំទ្រយ៉ាងសកម្មពីរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងទីតាំងដ៏ល្អនៃខេត្តកំពង់ស្ពឺ លោកជឿជាក់ថា រោងចក្រ យូរ៉ា នឹងក្លាយជាផលិតកម្មដ៏ល្អបំផុតរបស់ពិភពលោក លើគ្រឿងបន្លាស់រថយន្ដ។ លោកបន្តថា បច្ចុប្បន្ននេះ ឧស្សាហកម្មរថយន្ដនៅលើពិភពលោកកំពុងប្រឈមមុខនឹងយុគសម័យនៃការផ្លាស់ប្ដូរដ៏អស្ចារ្យរួមទាំងការកើនឡើងយ៉ាងឆាប់រហ័សនៃយានយន្ដដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្រុមហ៊ុន Hyundai, Kia & Miaca ដែលជាអតិថិជនចម្បងរបស់យើងបានប្រកួតប្រជែងយ៉ាងស្វីតស្វាញជាមួយនឹងក្រុមហ៊ុនផលិតរថយន្ដនៅលើពិភពលោក ហើយបានក្លាយជាក្រុមហ៊ុនកំពូលទាំងបីនៅលើពិភពលោកក្នុងឆ្នាំ២០២២។
លោកបានលើកឡើងថា ដោយសារការខិតខំប្រឹងប្រែងដ៏ស្វិតស្វាញរបស់បុគ្គលិក និងការគាំទ្រយ៉ាងសកម្មពីរដ្ឋាភិបាលកម្ពុជា ជាមួយនឹងទីតាំងដ៏ល្អនៃខេត្តកំពង់ស្ពឺ លោកមិនមានការងឿនឆ្ងល់ទេថា រោងចក្រលោក ក្លាយជាផលិតកម្មដ៏ល្អបំផុតរបស់ពិភពលោក លើគ្រឿងបន្លាស់រថយន្ដ។
សូមជម្រាបជូនថា រោងចក្រ យ៉ូរ៉ា ហាណេស ខេមបូឌា ត្រូវបានសាងសង់ឡើងមានផ្ទៃក្រឡាសរុប ១៧,៥០០ម៉ែត្រការ៉េ និងមានបុគ្គលិកចំនួន ១,១០០ នាក់ ដើម្បីផលិតខ្សែភ្លើងចំនួន ១១៥,០០០ ក្នុងមួយឆ្នាំ។ ខ្សែភ្លើងទាំងអស់ដែលផលិតនៅទីនេះនឹងត្រូវនាំចេញទៅកាន់ប្រទេសកូរ៉េ ដើម្បីដំឡើងនៅក្នុងក្រុមហ៊ុនរថយន្ដ Hyundai motor និង Kia motors។ ខ្សែភ្លើងគឺជាប្រព័ន្ធខ្សែដែលបញ្ជូននិងទទួលថាមពលអគ្គីសនី និងសញ្ញាអគ្គិសនីដល់ផ្នែក នីមួយៗនៃរថយន្ដ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនិងគុណភាពរបស់រថយន្ដ។ លើសពីនេះ វាក៏ជាផលិតផលដ៏ស្មុគស្មាញដែលទាមទារការកែច្នៃ ,ការផ្គុំវត្ថុធាតុដើមរាប់ពាន់មុខ និងកម្លាំងពលកម្មជំនាញ៕
ដោយ៖ សហការី