ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ចែម វីឌ្យ៉ា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វះស្វែងរកសក្តានុពលនៃទំនាក់ទំនងកម្ពុជា-តួកគីឱ្យកាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកស្រី Ülkü Kocaefe ក៏បានណែនាំលោកស្រី Zöre Akşahin Şimşek ទីប្រឹក្សាពាណិជ្ជកម្មតួកគីប្រចាំកម្ពុជាដែលទើបតែត្រូវបានតែងតាំងផងដែរ។

ក្នុងអំឡុងជំនួប ភាគីទាំងពីរ បានគូសបញ្ជាក់នូវសមិទ្ធផលសំខាន់ៗសម្រេចបានកន្លងមករវាងប្រទេសទាំងពីរ និងជឿជាក់ថា​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការកម្ពុជា-តួកគីនឹងកាន់តែត្រូវបានពង្រឹងពង្រីកដើម្បីជាផលប្រយោជន៍ទៅវិញទៅមក ពិសេសទំនុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

លោកបណ្ឌិតរដ្ឋលេខាធិការ បានអបអរសាទរចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មកម្ពុជា-តួកគី ពី ៣០​ លានដុល្លារអាមេរិក ទៅជាង ១០០ លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។ លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណទីភ្នាក់ងារអភិវឌ្ឍន៍តួកគី TIKA ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា ជាពិសេសលើគម្រោងសាងសង់ផ្ទះនៅស្រុកស្អាង។

លោកបណ្ឌិតរដ្ឋលេខាធិការបានស្វាគមន៍ និងអបអរសាទរលោកស្រី Zöre Akşahin Şimşek ដែលទើបទទួលបានការតែងតាំងនេះ និងសង្ឃឹមថា វត្តមានការិយាល័យទីប្រឹក្សាពាណិជ្ជកម្មនេះ នឹងចូលរួមចំណែកដល់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យសម្រេចបាននូវគោលដៅ១ពាន់ លានដុល្លារអាមេរិក ដែលបានកំណត់ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ៕

ដោយ ៖ សហការី


ចែករំលែក៖