ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានពីហានិភ័យនៃមហន្តរាយរបស់ពិភពលោក

ចែករំលែក៖

ភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលជាប្រមុខរបស់ UN បាននិយាយថា ហានិភ័យនៃជម្លោះរវាងមហាអំណាចពិភពលោកគឺស្ថិតក្នុង «កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ» ខណៈដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ក៏បានព្រមានផងដែរថា ពិភពលោកកំពុងស្ថិតនៅចំណុចដ៏គ្រោះថ្នាក់មួយខ្លាំងជាងសម័យសង្រ្គាមត្រជាក់ទៅទៀត។
លោក ហ្គូតឺរ៉េស ដែលអង្គុយក្បែរលោក ឡាវរ៉ូវ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN បានរិះគន់ការឈ្លានពានរបស់រុស្ស៊ីថាបង្កឱ្យមានទុក្ខវេទនានិងការបំផ្លិចបំផ្លាញយ៉ាងធំធេងនៅអ៊ុយក្រែន ហើយជំរុញឱ្យសេដ្ឋកិច្ចសកលកាន់តែមានភាពប្រែប្រួលបន្ទាប់ពីវិបត្តិកូវីដ-១៩។ លោក ហ្កូតឺរ៉េស បានព្រមានសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង ១៥រូប ស្តីអំពីពហុភាគីនិយម និងការបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិយ៉ាងដូច្នេះថា «ភាពតានតឹងរវាងមហាអំណាចបច្ចុប្បន្នមានកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ»។
ចំណែក លោក ឡាវរ៉ូវ ដែលជាប្រធានប្តូរវេននៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ សម្រាប់ខែមេសានេះ ក៏បានគូសបញ្ជាក់ថា «ដូចក្នុងអំឡុងសម័យសង្គ្រាមត្រជាក់ យើងបានឈានដល់កម្រិតគ្រោះថ្នាក់ ដែលប្រហែលជាអាចគ្រោះថ្នាក់ជាងមុនទៅទៀត។ ស្ថានការណ៍កាន់តែអាក្រក់ទៅៗ ជាមួយនឹងការបាត់បង់ទំនុកចិត្តលើពហុភាគីនិយម»។
សមាជិកក្រុមប្រឹក្សាសន្តិសុខដទៃទៀត រួមទាំងសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានបន្តថ្កោលទោសរុស្ស៉ីចំពោះសង្រ្គាមរបស់ខ្លួនលើអ៊ុយក្រែន។ ខណៈដែលអង្គការសហប្រជាជាតិកំពុងស្វែងរកការរក្សាទុកកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនតាមច្រកសមុទ្រខ្មៅប្រកបដោយសុវត្ថិភាព ដែលអាចផុតកំណត់នៅ ថ្ងៃទី១៨ ខែឧសភាខាងមុខនេះ។ លោក ហ្គូតឺរ៉េស ក៏បានជំរុញឱ្យបន្តអនុវត្តកិច្ចព្រមព្រៀងនោះ រួមទាំងកតិកាសញ្ញាពាក់ព័ន្ធដែលអង្គការសហប្រជាជាតិសន្យាថានឹងជួយសម្រួលដល់រុស្ស៊ីផ្ទាល់ ជុំវិញការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្ម៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ baolangson.vn


ចែករំលែក៖