ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ក្នុងឱកាសធ្វើដំណើរទៅ រង់ចាំទទួលព្រះអគ្គិជ័យកីឡាត្រឡប់មកប្រទេសកម្ពុជាវិញ នៅខេត្តស្ទឹងត្រែង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានឆ្លៀតឱកាសអញ្ជើញចូលសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងនាំគណប្រតិភូ​ ទៅទស្សនកិច្ចផ្ទះចាស់ដែលលោកតា​ ស៊ីន ស៊ីសាមុត​ ធ្លាប់បានរស់នៅ និងដើមមៀនដែលលោកតាបានដាំមានអាយុជិត១០០ឆ្នាំ។ នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាននាំយកថវិកា និងភេសជ្ជៈ មួយចំនួនជូនដល់លោកយាយ។

សូមរម្លឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមគំនិតផ្តួចផ្តើមរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាពេលដែលឯកឧត្តមជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិកម្មសិទ្ធិបញ្ញា លោកបានដឹកនាំរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌​ “ពេលវេលាដែលត្រូវតបស្នង”វិភាគទានចំពោះអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត និងបានរៃអង្គាសថវិកាដើម្បី ជួយដល់ក្រុមគ្រួសារលោកយាយ។ ថវិកាដែលទទួលបានពីសប្បុរសជននេះបានជួយលើកស្ទួយកម្រិត ជីវភាពលោកយាយ និងក្រុមគ្រួសារបានមួយកម្រិតផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖