ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថាសម្ដេចមិនមែនជាមនុស្សល្អនោះទេសម្រាប់ក្រុមអាក្រក់ និងថាសម្ដេចគឺជាសត្រូវរបស់ក្រុមបំផ្លាញជាតិ។
ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនិងបើកវគ្គបណ្ដុះបណ្ដាលថ្មីនៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាក្រុមអ្នកបំផ្លាញជាតិនិងមនុស្សអាក្រក់មិនដែលពេញចិត្តលើសម្ដេចនោះទេ ជាឧទាហរណ៍គឺដូចជាខ្មែរក្រហមជាដើម។ ព្រោះថាសម្ដេចគឺជាអ្នកដែលបំផ្លាញក្រុមទាំងនោះដើម្បីជាតិកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅទូទាំងប្រទេសអ្នកណាដែលគាំទ្រនយោបាយឈ្នះឈ្នះគឺជាប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះមិនមែនតែប៉ុន្មាននាក់នោះទេ សូម្បីតែអតីតគណៈខ្មែរក្រហមក៏ជាប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «យើងបានទទួលផលជាបណ្តើរៗហើយ ផ្តើមចេញពីការកែទម្រង់មុខងារសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ទាក់ទងនឹងវិមជ្ឈិកា និងវិសហមជ្ឈិកា»។
សម្តេចតេជោ ហ៊ុន សែន បានលើកឧទាហរណ៍អំពីជោគជ័យនៃកំណែទម្រង់នេះ គឺតាមរយៈការដោះស្រាយជំងឺកូវីដ១៩ នាពេលកន្លងទៅ និងការដោះស្រាយបញ្ហាគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ។ សម្តេចបញ្ជាក់ថា៖ «ទោះបីជាមិនស្មើគ្នា ក៏ប៉ុន្តែអាចនិយាយបានថា មូលដ្ឋានបានទទួលផល ជាតិទាំងមូលបានទទួលផល តាមរយៈការផ្ទេរអំណាចពីថ្នាក់ជាតិ ទៅមូលដ្ឋាន»។
សម្តេចលើកឡើងទៀតថា បើសិនជាពេលនោះ រាជរដ្ឋាភិបាល មិនផ្ទេរអំណាចទៅមូលដ្ឋានទេ តើកម្ពុជាមានលទ្ធភាពដើម្បីគ្រប់គ្រងកូវីដ១៩ បានឬទេ? នោះក៏ដោយសារតែថ្នាក់មជ្ឈិមមិនអាចទៅដល់មូលដ្ឋានភ្លាមៗ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នោះទេ ៕
ដោយ ៖ សិលា